ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា យុទ្ធភ័ណ្ឌជាសំណល់ពីសម័យសង្រ្គាមចំនួន១០គ្រាប់ជាប្រភេទធុនធ្ងន់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុង ពេលគាស់កាយដីស្រែក្នុងមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា មានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋឈ្មោះ គុច គីន ភេទប្រុស អាយុ ៦៣ឆ្នាំ បានយកគ្រឿងចក្រកាយដីដំបូកក្នុងស្រែមួយកន្លែងរបស់គាត់ កាលពីថ្ងៃទី២១ ខែឧសភាម្សិលមិញនេះ ស្ថិតនៅភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ក៏បានប្រទះឃើញនូវ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សំណល់ពីសម័យសង្រ្គាមប្រភេទគ្រប់ធុនធ្ងន់ចំនួន ១០គ្រាប់រួមមាន៖
-គ្រាប់កាំភ្លើងប្រភេទ B40,5ចំនួន០៤គ្រាប់
-គ្រាប់កាំភ្លើងប្រភេទ B 40ចំនួន ០៤គ្រាប់
-គ្រាប់កាំភ្លើងប្រភេទ ឡង់ចំនួន ០២គ្រាប់
ស្របតាមការណែនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងដល់មន្រ្តីនគរបាលនៅមូលដ្ឋានស្តីពីការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងអំពី គ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ លោកវរសេនីយ៍ឯកសុខ សារិន អធិការនគរបាលស្រុកបវេល បានយកព័ត៌មាននេះ ធ្វើការទំនាក់ទំនងទៅអង្គភាពកំចាត់មីនកម្ពុជា ប្រចាំខេត្តបាត់ដំបង CMAC ដើម្បីមកត្រួតពិ និត្យនិងមានវិធានការតាមជំនាញ ។
សូមជម្រាបជូនថានៅចំណុចខាងលើគឺជាទីសមរភូមក្តៅមួយក្នុងចំណោមសមរភូមិផ្សេងទៀត ក្នុងខេត្តជាប់ព្រំដែនមួយនេះ ដែលមានការប្រយុទ្ធតតាំងគ្នាកាលពីសម័យសង្រ្គាមហើយរហូតមកដល់ពេលនេះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បាននិងកំពុងកប់នៅរាយប៉ាយក្នុងដី ដែលចាំបាច់មន្រ្តីនគរបាលនៅមូលដ្ឋាន និងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យលោកបានយល់អំពីបញ្ហានេះ និងចៀសវាងនូវការប៉ះពាល់ ឬធ្វើសកម្មភាពណាផ្សេងដែលជាហេតុនាំបង្កនូវករណីគ្រោះថ្នាក់ដល់អាយុជីវិតដោយសារយុទ្ធភ័ណ្ឌជាសំណល់ពីសង្គ្រាមនេះ៕
ដោយ៖ សហការី