ព័ត៌មានទាន់ហេតុការណ៍៖

Update ៖​ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោក វ៉ាង វិនធៀន (Wang Wentian)​ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីចំនួន៣ ក្នុងថ្ងៃតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺទី១-កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត, ទី២-ទស្សនាពិព័រណ៍សមិទ្ធផល និងទី៣-ពិធី សម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ 

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញជួបជាមួយបងប្អូនកម្មករកម្មការិនីប្រមាណជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនាថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានសាសន៍ថា ការជួបសំណេះសំណាលដោយផ្ទាល់​ជាមួយ​កម្មករ កម្មការិនី ធ្វើឱ្យសម្ដេចបានរកឃើញមធ្យោបាយ និងដំណោះស្រាយមួយចំនួនពាក់ព័ន្ធការងាររបស់កម្មករ កម្មការិនី។ សម្តេចតេជោបានក្រើនរំលឹកឡើងវិញថា ឧស្សាហកម្មកាត់ដេរនៅកម្ពុជា បានចាប់ផ្តើមជាមួយប្រាក់ឈ្នួលត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ រហូតដល់មានការដំឡើងជាបន្តបន្ទាប់ បូកនឹងអត្ថប្រយោជន៍ដែលកម្មករទទួលបានមួយចំនួនទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិន មិនស្មើគ្នាទេ តែត្រូវដឹងថា ទំនិញចិននាំចូលកម្ពុជាភាគច្រើន ជាវត្ថុធាតុដើម ដើម្បីផលិតនៅកម្ពុជា។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់គោលនយោបាយគាំពារដល់កម្មការិនី មានផ្ទៃពោះ ឧបត្ថម្ភថវិកាចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។​ សម្តេចតេជោបានបន្តថា ការឧបត្ថម្ភថវិកាដល់កម្មការិនីចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ជាគោលនយោបាយជាក់លាក់ មិនមែនឆក់កណ្តៀត ឬជាសន្យាខ្យល់នោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ការពារសន្តិភាពឱ្យបាន គឺមិនបារម្ភរឿងអត់ការងារធ្វើនោះទេ ក្នុងនោះមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលអាចការពារសន្តិភាព និងការពារឆ្នាំងបាយរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករកម្មការិនីបាន។ 

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា មានលក្ខខណ្ឌចំនួន៣ ដែលនាំឱ្យកម្ពុជា​ក្លាយ​ជាសមាជិកនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន រួមមាន៖ ការរក្សាបានសន្តិភាព និងអភិវឌ្ឍន៍, មិនប្រឆាំងប្រទេសដទៃ និងការគោរពមជ្ឈភាពរបស់អាស៊ាន។ បន្ថែមពីលើនោះ គំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ។​គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នាំឱ្យកើតមានសមិទ្ធផលជាច្រើន នៅកម្ពុជាដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ, ផ្លូវល្បឿនលឿន, ការតភ្ជាប់អ៉ីនធើណេតកប់ក្រោមបាត់សមុទ្រ និងផ្លូវ ស្ពានជាច្រើនខ្សែទៀត។

បន្ទាប់ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីប្រមាណជាង២ម៉ឺននាក់រួចហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកឧត្តម វ៉ាង វិនធៀន បានអញ្ជើញទស្សនាពិពណ៍សមិទ្ធផលសំខាន់ៗដែលកើតមានឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជាពិសេសសមិទ្ធផល នៃការវិនិយោគរបស់ក្រុមហ៊ុន នៃប្រទេសចិនដែលបាននិងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ 

បន្ទាប់មក កម្មវិធីចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រផលិតសំបកកង់របស់ក្រុមហ៊ុនចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចាប់ពីពេលនេះតទៅ៕

ដោយ​៖ សហការី​


ចែករំលែក៖