ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធភ័ណ្ឌជាសំណល់ពីសម័យសង្រ្គាមចំនួន១០គ្រាប់ជាប្រភេទធុនធ្ងន់​ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញពេលគាស់កាយដីស្រែ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ យុទ្ធភ័ណ្ឌជាសំណល់ពីសម័យសង្រ្គាមចំនួន១០គ្រាប់ជាប្រភេទធុនធ្ងន់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុង ពេលគាស់កាយដីស្រែក្នុងមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង។ 

របាយការណ៍ដដែល​បន្តថា​ មានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋឈ្មោះ គុច គីន ភេទប្រុស អាយុ ៦៣ឆ្នាំ បានយកគ្រឿងចក្រកាយដីដំបូកក្នុងស្រែមួយ​កន្លែងរបស់គាត់​ កាលពីថ្ងៃទី២១ ខែឧសភាម្សិលមិញនេះ​ ស្ថិត​នៅភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបា​ត់ដំបង ក៏​បានប្រទះឃើញនូវ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សំណល់ពីសម័យសង្រ្គាមប្រភេទគ្រប់ធុនធ្ងន់ចំនួន ១០គ្រាប់រួមមាន៖

-គ្រាប់កាំភ្លើងប្រភេទ B40,5ចំនួន០៤គ្រាប់

-គ្រាប់កាំភ្លើងប្រភេទ B 40ចំនួន ០៤គ្រាប់

-គ្រាប់កាំភ្លើងប្រភេទ ឡង់ចំនួន ០២គ្រាប់

ស្របតាមការណែនាំជាប់ជាប្រចាំរបស់លោកឧត្តម​សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងដល់មន្រ្តីនគរបាលនៅមូល​ដ្ឋានស្តីពីការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់​ដឹងអំពី គ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ លោកវរសេនីយ៍ឯកសុខ សារិន អធិការនគរ​បាលស្រុកបវេល បានយកព័ត៌មាននេះ ធ្វើការទំនាក់​ទំនងទៅអង្គភាពកំចាត់មីនកម្ពុជា ប្រចាំខេត្ត​បាត់​ដំ​បង CMAC ដើម្បីមកត្រួតពិ និត្យនិងមានវិធានការតាមជំនាញ ។

សូមជម្រាបជូនថានៅចំណុចខាងលើគឺជាទីសមរភូមក្តៅមួយក្នុងចំណោមសមរភូមិផ្សេងទៀត ក្នុងខេត្តជាប់ព្រំដែនមួយនេះ​ ដែលមានការប្រយុទ្ធតតាំងគ្នាកាលពីសម័យសង្រ្គាមហើយរហូតមកដល់ពេលនេះយុទ្ធភ័ណ្ឌមិន​ទាន់ផ្ទុះ បាននិងកំពុងកប់នៅរាយប៉ាយក្នុងដី ដែលចាំបាច់មន្រ្តីនគរបាលនៅមូលដ្ឋាន និងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ បន្តផ្សព្វផ្សាយដល់ប្រជាព​លរដ្ឋឱ្យលោកបានយល់អំពីបញ្ហានេះ និងចៀសវាងនូវការប៉ះពាល់ ឬធ្វើសកម្មភាពណាផ្សេងដែលជា​ហេតុនាំបង្កនូវករណីគ្រោះថ្នាក់ដល់អាយុជីវិតដោយសារយុទ្ធភ័ណ្ឌជាសំណល់ពីសង្គ្រាមនេះ៕

ដោយ​៖ សហការី​


ចែករំលែក៖