ព័ត៌មានទាន់ហេតុការណ៍៖

ចិនតវ៉ាសេចក្តីប្រកាសស្តីពីសេចក្តីថ្លែងការណ៍ G7 ដោយកោះហៅឯកអគ្គរាជទូតជប៉ុន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានផ្សាយថា ក្រសួងការបរទេសចិនកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅបានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក ស៊ុន វៃតុង (Sun Weidong) បានកោះហៅ ឯកអគ្គរាជទូតជប៉ុនឱ្យចូលជួប ដើម្បីបង្ហាញការតវ៉ាជុំវិញការបំផ្លើសបញ្ហាដែលពាក់ព័ន្ធនឹងចិន នៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។
លោក ស៊ុន បាននិយាយថា ជប៉ុនបានសហការជាមួយប្រទេសផ្សេងទៀតនៅឯកិច្ចប្រជុំកំពូល G7 ទាំងនៅក្នុងសកម្មភាពនិងសេចក្តីប្រកាសរួម… ដើម្បីលាបពណ៌និងវាយប្រហារមកលើចិន ដែលជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចំពោះកិច្ចការផ្ទៃក្នុង រំលោភលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងស្មារតីនៃឯកសារនយោបាយទាំង៤រវាងចិននឹងជប៉ុន ដោយសំដៅលើសេចក្តីថ្លែងការណ៍រួមចិន-ជប៉ុន ឆ្នាំ១៩៧២។ «នេះគឺជាការធ្វើឱ្យខូចដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ អភិវឌ្ឍន៍របស់ចិន ហើយចិន «មិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាត»។ នេះជាការគូសបញ្ជាក់របស់លោក ស៊ុន វៃតុង។
លោក ស៊ុន បានបន្ថែមថា «ជប៉ុនគួរតែកែតម្រូវការយល់ដឹងរបស់ខ្លួនអំពីចិន ហើយចាប់យកស្វ័យភាពជាយុទ្ធសាស្រ្ត ប្រកាន់ខ្ជាប់នូវគោលការណ៍ នៃឯកសារនយោបាយទាំង៤រវាងចិននឹងជប៉ុន ដោយងាកមកជំរុញឱ្យមានការអភិវឌ្ឍស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី»។
នៅមុនមានការកោះហៅឯកអគ្គរាជទូតជប៉ុន ស្ថានទូតចិនប្រចាំនៅអង់គ្លេសក៏បានស្នើឱ្យទីក្រុងឡុងដ៍ បញ្ឈប់ការមួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះចិនផងដែរ ដើម្បីជៀសវាងការខូចខាតបន្ថែមទៀតដល់ទំនាក់ទំនងចិន-អង់គ្លេស៕

ដោយ៖ ធីរីណា(រូបថត៖ Kyodo/TTXVN)


ចែករំលែក៖