ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា កាលពីវេលាម៉ោង២០និង៥០នាទី ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣នៅចំណុចលេីផ្លូវបំបែកជាបី (ផ្លូវចូលទឹកធ្លាក់) ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិនមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកែច្នៃបុកម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ជាប្ដី រីឯម៉ូតូខូចខាតកម្រិតធ្ងន់០១គ្រឿង ។
ប្រភពពីសមត្តកិច្ចនគរបាលជំនាញបានបន្តថា ទី១ភាគីបង្កជាម្ចាស់រថយន្តកែច្នៃ(អត់ស្គាល់អត្តសញ្ញាណ) បានបើករថយន្តកែច្នៃគេចចេញពីកន្លែងកើតហេតុទៅបាត់ ។
ទី២ភាគីរងគ្រោះឈ្មោះ យ៉ាង សារ៉ង ភេទ ប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ នៅភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រង/ ខេត្ត ប៉ៃលិន ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1S- 4783(រងរបួសធ្ងន់បាក់ជើងខាងឆ្វេងនិងបែកភ្នែកខាងស្ដាំបើកក្នុងទិសដៅពីលិចទៅកើត រថយន្តបើកពីកើតទៅលិច)។
ទី៣អ្នករួមដំណើរជាប្រពន្ធរបស់បុរសខាងលើឈ្មោះ ប៊ុត យ៉ុម ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នាខាងលើ (បានស្លាប់នៅក្នុងមន្ទីរពេទ្យ) ។
តាមប្រភពពីសមត្តកិច្ចជំនាញបានបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ បានទៅបុកម៉ូតូបណ្ដាលឱ្យដួលបោកទៅផ្លូវកៅស៊ូស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ។
ករណីនេះក្រោយពីកម្លាំងនគរបាលចរាចរណ៍ខេត្តបានពិនិត្យនិងចុះវាស់វែងរួច នឹងបន្តចុះស៊ើបអង្កេតតាមរកជនបើករថយន្តកែច្នៃបង្កមកដោះស្រាយតាមនីតិវិធី ចំណែកម៉ូតូត្រូវបានសមត្តកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានយកទៅរក្សាទុក៕
ដោយ៖ ស សារ៉េត