ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងកសិកម្ម ផ្តោតខ្ពស់លើការការពារសត្វផ្សោត នៅទន្លេមេគង្គ

ចែករំលែក៖

ខេត្តក្រចេះ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា  បានស្នើរឲ្យមន្រ្តីជំនាញ និងឆ្មាំទន្លេការពារតំបន់អភិរក្យសត្វផ្សោត រិះរកមធ្យោបាយយ៉ាងណាត្រូវការពារសត្វផ្សោតកុំឲ្យបន្តងាប់តទៅទៀត ព្រោះ សត្វផ្សោតទឹកសាបនៅទន្លេមេគង្គប្រទេសកម្ពុជាយើងជារតនសម្បិត្តមួយដ៏កម្របំផុត។

ថ្លែងបែបនេះនៅក្នុងឱកាសដែលលោករដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក វ៉ា ថនអភិបាលខេត្តក្រចេះ ប្រជុំត្រួតពិនិត្យ និងពង្រឹងការងារអភិរក្យសត្វផ្សោតទន្លេមេគង្គ នៅថ្ងៃទី២៣ ឧសភា ២០២៣ នៅស្នាក់ការអភិរក្សសត្វផ្សោត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោករដ្ឋមន្រ្តីបានលើកឡើងថា៖ យើងត្រូវធ្វើយ៉ាងណាកុំបាត់បង់ផ្សោតតទៅទៀត យើងត្រូវរកវិធីការពារឲ្យបាន ហើយលោកក៏បានកោតសរសើរចំពោះការប្រឹងប្រែងការពាររបស់បងប្អូននាពេលកន្លងមក ហើយសម្តេចតេជោ ក៏លោកបានដឹងអំពីការខិតខំប្រឹងប្រែងរបស់បងប្អូនផងដែរ ។

លោកបន្ថែមថា៖ មងដែលជាឧបករណ៍គ្រោះថ្នាក់ដល់សត្វផ្សោត មិនមែនមងត្រីរៀល ត្រីលិញនោះទេ គឺមងក្រឡាធំ មងក្រឡាធំនេះធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតសត្វផ្សោត និងត្រីមេពូជជាខ្លាំង  ជាពិសេសឧបករណ៍ឆក់ ។

ហើយគោលដៅដែលចង់បានគឺការពាផ្សោត ផ្សោតជារតនសម្បត្តិមួយ ហើយយើងត្រូវតែពង្រឹងការពារបន្ថែម ដោយត្រូវកំណត់អត្តសញ្ញាណ ឲ្យច្បាស់លាស់ និងស៉ើបអង្កេតរកឲ្យឃើញជនល្មើសកសាងសំណុំរឿងទៅតុលាការ ហើយមិនចាំបាច់ដេញចាប់ប្រផាត់ប្រផីងនាំតែគ្រោះថ្នាក់ខ្លួនទេ កំណត់មុខសញ្ញាឲ្យច្បាប់ទៅចាប់ដល់ផ្ទះ ក្រុមអ្នកឆក់ទាំងនោះដេកផ្ទះមិនសុខទេ ។ 

ទាក់ទិនការស្នើរដល់ជំនាញនិងឆ្មាំដើម្បីពង្រឹងការការពារសត្វផ្សោតខាងលើលោក រដ្ឋមន្រ្តីក៏បានផ្ដល់នូវឧបករណ៍សម្ភារសម្រាប់ល្បាតមួយចំនួន ដូចជាទូកស្មាច់ចំនួន៦គ្រឿង ម៉ាស៊ីនម៉ាក ហុីណូតា កម្លាំង២៥សេសចំនួន៦គ្រឿង កែវឆ្លុះ ២៤គ្រឿង អាវពោងចំនួន៤៤អាវ អាគុយម៉ាកJKកម្លាំង៤០អាំពែ ចំនួន៦គ្រឿង សារ៉ុងចំនួន៦០សារ៉ុង និងថវិកាចំនួន១០លានរៀល។

បន្ថែមពីនេះលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានឧបត្ថម្ភថវិកាចំនួន៥លាន ៥សែនរៀលបន្ថែមផងដែរ។

ក្រោយចប់ការសំណេះសំណាលរវាងមន្ត្រីជំនាញនិងអង្គភាពពាក់ព័ន្ធលោករដ្ឋមន្ត្រីនិងលោកអភិបាលខេត្តក៏បានដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ កម្ទេចចោលរួមមាន៖ អាំងវែទ័រឆក់ត្រជាក់ចំនួន១៨គ្រឿង អាំងវែទ័រឆក់ក្ដៅចំនួន១៩គ្រឿង មងក្រឡាធំ២៥ ប្រវែង ១.២៥០ម៉ែត្រ លបប្រើស១០០ចំនួន១៥ខ្សែ ប្រវែង ២៥០ម៉ែត្រ ព្រមទាំងដងឆក់ភ្ជាប់ខ្សែភ្លើងចំនួន១៥គូរផងដែរ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖