ព័ត៌មានទាន់ហេតុការណ៍៖

អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមខេត្តកន្ទូម ៤នាក់បន្ថែមទៀតត្រូវបានផ្ទេរប្រគល់ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ

ចែករំលែក៖

ខេត្តរតនគិរី ៖ ពិធីជូនដំណើរអដ្ឋិធាតុទាំង៤ខាងលើនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣នៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ក្រោមអធិបតី ភាពលោកស៊ូ សិរី អភិបាលរងខេត្តរតនគិរីនិងជាប្រធានគណៈកម្មការរុករកអដ្ឋិធាតុខេត្តរតនគិរី និងលោកស្រី អុី ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងជាប្រធានគណៈកម្មការរុករកអដ្ឋិធាតុខេត្តកន្ទូម (វៀតណាម)។

ថ្លែងក្នុងពិធីនេះលោកស៊ូ សិរី អភិបាលរងខេត្តរតនគិរីបានមានប្រសាសន៍លើកឡើងថា ការស្វែង រុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដែលបានពលីអាយុជីវិត ក្នុងសម័យសង្គ្រាមនៅខេត្តរតនគិរី គឺអនុវត្តន៍តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមនិងរវាងខេត្តរតនគិរីជាមួយខេត្តកន្ទូម។ 

លោកអភិបាលរងខេត្តបន្តថា ចំពោះការចូលរួមស្វែងរុករកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អផងនិងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុ ជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជាគឺជាការរួមចំណែកក្នុងរំដោះប្រទេសកម្ពុជា ឱ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន។ ដូច្នេះក្នុងនាមអាជ្ញាធរ ខេត្តគ្រប់ជាន់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ  ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តចងចាំជានិច្ចនូវគុណ បំណាច់ដ៏ធំធេងចំពោះកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីកម្ពុជា។

លោកស្រី អុី ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទូម នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានមានប្រសាសន៍ ថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់និងប្រជា ពលរដ្ឋខេត្តរតនគិរី ដែលបានសហការល្អជាមួយក្រុម ការងារអង្គភាព K53 របស់វៀតណាមក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាមដោយ ទទួលបានលទ្ធផលល្អប្រសើរ៕

ដោយ៖ សូរិយា


ចែករំលែក៖