របាយការណ៍ចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថាតម្លៃជួលផ្ទះនៅក្នុងប្រទេសអង់គ្លេសមានកើនឡើងខ្លាំងបំផុតមិនធ្លាប់មានពីមុន ដែលធ្វើឲ្យអ្នកជំនាញអចលទ្រព្យប្រមានថាការកើនឡើងតម្លៃជួលជារៀងរាល់ខែអាចធ្វើឲ្យផលលំបាកដល់ទាំងអ្នកជួលនិងម្ចាស់ផ្ទះ។
ក្រុមហ៊ុនអចលនទ្រព្យរបស់អង់គ្លេស HomeLet បានឱ្យដឹងថាការជួលជាមធ្យមក្នុងចក្រភពអង់គ្លេសមានចំនួន £1,213 ក្នុងមួយខែក្នុងខែឧសភា កើនឡើង 1.2 ភាគរយពី 1,199 ផោនកាលពីខែមុន។ លោក Andy Halsteadមកពីក្រុមហ៊ុន HomeLet និយាយថា “តម្លៃជួលនៅតែខ្ពស់ ដែលនាំមកនូវហានិភ័យមួយសម្រាប់អ្នកជួល និងម្ចាស់ផ្ទះ។
“យើងកំពុងស្នើសុំដល់ម្ចាស់ផ្ទះជួលឱ្យពិចារណាលើតម្លៃជួលដោយសារលទ្ធភាពរបស់អ្នកជួលដែលជួបការលំបាកក្នុងការបង់ថ្លៃជួលរបស់ពួកគេកើនឡើងជារៀងរាល់ខែ។”
ទីផ្សារជួលរបស់ទីក្រុងឡុងដ៍ មិនបានបង្ហាញពីសញ្ញាថានឹងធ្លាក់ថ្លៃនោះទេ ខណៈដែល ការជួលជាមធ្យមក្នុងរដ្ឋធានីបានកើនឡើងដល់ £2,039 ក្នុងមួយខែ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក នេះបើយោងតាមគេហទំព័រ HomeLet ។ចំណែកឯតំបន់ដែលមានការជួលថោកជាងគេគឺតំបន់ ភាគឦសាន ក្នុងមួយខែត្រឹម 632 ផោនប៉ុណ្ណោះ។
ទោះបីជាទីផ្សារជួលឡើងថ្លៃ តែតម្លៃផ្ទះនៅអង់គ្លេសនៅតែបន្តធ្លាក់ចុះ។ បើគិតនៅក្នុងខែឧសភាតម្លៃអចលនទ្រព្យធ្លាក់ចុះ៣,៤ភាគរយគិតជាប្រចាំឆ្នាំ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតធ្លាប់មានបើគិតចាប់តាំងពីឆ្នាំ២០០៩មក។តម្លៃផ្ទះជាមធ្យមបានធ្លាក់ចុះ 0.1 ភាគរយប្រចាំខែ ហើយតម្លៃផ្ទះជាមធ្យមរបស់ចក្រភពអង់គ្លេសក្នុងខែឧសភាគឺ £260,736 ក្នុងមួយផ្ទះ។
ប្រភព៖ www.thisismoney.co.uk