ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិស្នោរលិច សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានប្ដឹងម្ចាស់បុរីវីល្លៀម(Williams ) ដែលបានចាក់ដីនិងសង់របងរំលោភយកផ្លូវនិងប្រឡាយសាធារណៈជាច្រើនរយម៉ែត្រស្ថិតនៅក្នុងភូមិខាងលើធ្វើជាកម្មសិទ្ធិនិងផលប្រយោជន៍ផ្ទាល់ខ្លួន ។
ប្រជាពលរដ្ឋបាននិយាយថា ប្រឡាយខាងលើមានតាំងពីបរមបុរាណមកពុំមែនទើបតែកើតឡើងក្នុងសម័យនេះនោះទេ ហើយពីមុនពួកគាត់បានប្រើប្រាស់ក្នុងការនាំទឹកធ្វើស្រែចំការរាល់ឆ្នាំ ប៉ុន្តែឥឡូវអ្នកភូមិមួយចំនួនបានលក់ដីស្រែទៅឲ្យក្រុមហ៊ុនវីល្លៀម(Williams )ដើម្បីសង់បុរីផ្ទះល្វែងឬវីឡាទៅហើយ ។ប៉ុន្តែទោះជាបែបណាពុំមាននរណាម្នាក់ហ៊ានលក់ប្រឡាយសាធារណៈនេះទេ ប្រឡាយនេះនៅតែជារបស់សាធារណៈមិនអាចប៉ះពាល់បានឡើយ ហើយអ្នកដែលមានដីស្ថិតនៅជាប់ប្រឡាយនេះប្រមាណជាង៥០គ្រួសារដែលកំពុងអាស្រ័យផលលើដីរបស់ខ្លួនក៏បានពឹងផ្អែកលើប្រឡាយនេះដែរ។
ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា មួយរយៈកន្លងមកនេះក្រុមហ៊ុនបុរី វីលៀម(Williams )បានចាក់ដីនិងសង់របងព័ទ្ធយកប្រឡាយជាច្រើនរយម៉ែត្រព្រមទាំងសាងសង់ផ្ទះវីឡាតម្លៃជាង៧០ម៉ឺនដុល្លារនៅលើប្រឡាយនោះតែម្ដង ដែលបានធ្វើឲ្យពួកគាត់កើតទុកមិនសុខចិត្តហើយក៏បានដាក់ពាក្យប្ដឹងទៅកាន់សាលាខណ្ឌកំបូល។
ទី១សុំឲ្យរក្សាទុកប្រឡាយនេះជាសម្បត្តិសាធារណៈតរៀងទៅ និងទី២សុំឲ្យអាជ្ញាធរខណ្ឌកំបូលជួយអន្តរាគមន៍ដោះស្រាយ និងឲ្យម្ចាស់បុរីវីល្លៀមនេះរុះរើសំណង់ចេញ ហើយយកដីប្រឡាយនេះទុកជាសម្បត្តិសាធារណៈដូចដើមវិញ។
ក្រោយពីទទួលបានពាក្យបណ្ដឹងប្រជាពលរដ្ឋហើយនោះ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លោក គន់ ចាន់សុភារី អភិបាលរងខណ្ឌកំបូលមន្រ្តីសាលាខណ្ឌនិងមានការចូលរួមពីលោកហេង សុផាន់ណា នាយករដ្ឋបាលខណ្ឌ លោក ហាក់ អុីវលាង ប្រធានការិយាល័យនិតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាន លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យដែនដី នគរូបនីយកម្ម សំណង់ ភូមិបាលខណ្ឌ។បានចុះទៅធ្វើការត្រួតពិនិត្យនិងវាស់វែងលើទីតាំងកំពុងមានទំនាស់នោះ ហើយជាក់ស្ដែងឃើញថាពិតជាមានការរំលោភបំពានប្រឡាយសាធារណៈនោះមែន ប៉ុន្តែក៏ពុំទាន់វិនិច្ឆ័យថាខាងណាខុសខាងណាត្រូវនៅឡើយទេ ដោយក្រោយពីការពិនិត្យនិងវាស់វែងរួចគណៈកម្មការខាងលើបានធ្វើកំណត់ហេតុដើម្បីរាយការណ៍ជូនលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ព្រមទាំងរង់ចាំអញ្ជើញភាគីទំនាស់ទាំង២ជួបដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ចន្ទ លីហ្សា