ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ភាគខាងកើតអាមេរិកគ្របដណ្តប់ដោយផ្សែងចេញពីភ្លើងឆេះព្រៃនៅកាណាដា

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា សាលារៀននៅទូទាំងឆ្នេរសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក បានលុបចោលសកម្មភាពក្រៅថ្នាក់ ចរាចរណ៍តាមផ្លូវអាកាសត្រូវបានកាត់បន្ថយ ហើយពលរដ្ឋអាមេរិករាប់លាននាក់ត្រូវបានជំរុញឱ្យស្នាក់នៅក្នុងផ្ទះ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីអ័ព្ទផ្សែងយ៉ាងក្រាស់ចេញពីភ្លើងឆេះព្រៃនៅកាណាដាកើតមានឡើងពាសពេញតំបន់។
មន្ត្រីសុខាភិបាលរាប់ចាប់ពីរដ្ឋវឺម៉ុន (Vermont) រហូតដល់រដ្ឋសៅ ការ៉ូលីណា (South Carolina) និងនៅភាគខាងលិចនៃរដ្ឋអូហាយយ៉ូ (Ohio) និងកាន់សាស់ (Kansas) បានព្រមានអ្នកស្រុកថា ការចំណាយពេលនៅខាងក្រៅអាចបណ្តាលឱ្យមានបញ្ហាផ្លូវដង្ហើម ដោយសារកម្រិតភាគល្អិតនៅក្នុងបរិយាកាស។ តាមរយៈបណ្តាញសង្គម Twitter ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានគូសបញ្ជាក់ថា «វាជារឿងដែលត្រូវយកចិត្តទុកដាក់ចំពោះពលរដ្ឋអាមេរិកដែលជួបប្រទះការបំពុលបរិយាកាសដ៏គ្រោះថ្នាក់ ជាពិសេសអ្នកដែលមានស្ថានភាពសុខភាពខ្សោយ ត្រូវតែស្តាប់អាជ្ញាធរក្នុងតំបន់ដើម្បីការពារខ្លួននិងក្រុមគ្រួសាររបស់ពួកគេ»។
បើតាមសេវាកម្មឧតុនិយមឯកជនអាមេរិក AccuWeather អ័ព្ទដ៏ក្រាស់ និងផេះដែលលាតសន្ធឹងពីកម្ពស់ខ្ពស់ធ្លាក់ចុះទៅដី គឺជាសញ្ញានៃការផ្ទុះឡើងដ៏អាក្រក់បំផុតពីភ្លើងឆេះព្រៃមកលើតំបន់ប៉ែកឦសានរបស់សហរដ្ឋអាមេរិក មិនធ្លាប់មានក្នុងរយៈពេលជាង ២០ឆ្នាំ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖