ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃអាទិត្យទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ មានសន្តិភាព! មានការវិនិយោគ! មានការងារ! ឱកាសការងារ ៤៥០០ កន្លែង! ដាក់ពាក្យភ្លាម! សម្ភាសភ្លាម!
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO ) នឹងរៀបចំ៖ “ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” ផ្តល់ឱកាសការងារសរុបប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗជិត ៣០ នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
អ្នកចូលរួម នឹងទទួលបានទាំងឱកាសការងារ និងគន្លឹះអំពីការទទួលបានការងារ រក្សាការងារ និងបង្កើនផលិតភាពការងារពីវាគ្មិនជំនាញនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ផងដែរ។
បន្ថែមពីនេះ សម្ដេចតេជោ បានគូសបញ្ជាក់ថា៖ ដូច្នេះ កូន ក្មួយ និងចៅៗ ជាយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ កុំភ្លេចត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុនដែលខ្លួនពេញចិត្ត៕
ដោយ៖ សហការី