ខេត្តព្រះសីហនុ៖ យោងតាមសេចក្ដីរាយការណ៍ពីអាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សពបុរសវ័យ៤០ឆ្នាំនោះ ត្រូវបានរកឃើញហើយ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះប្រើពេលស្រាវជ្រាវរុករកនៅលើផ្ទៃសមុទ្រប្រមាណ ២០ម៉ោង។
សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់បន្ថែមថា នៅវេលាម៉ោងជាង១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ មានបុរសវ័យ៤០ម្នាក់ឈ្មោះ ហេង ពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨ បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់និងកូនប្រុសអាយុប្រមាណ១០ឆ្នាំជាងបន្តិចបានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹកពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឳពុកក៏បានលង់ទឹកនិងបាត់ខ្លួន។
ក្នុងប្រតិបត្តិការរុករកនេះធ្វើឡើងដោយកម្លាំងនគរបាល, អាវុធហត្ថ, អង្គភាព ៧១១ និងមានការចូលរួមសហការពីក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា