ខេត្តព្រះវិហារ ៖ គណបក្សប្រជាជនកម្ពុជា គឺមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែជាគណបក្សដែលបានខិតខំជាប់ជាប្រចាំ ហើយរឹតតែសកម្មក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើយោងតាមសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នាថ្ងៃអាទិត្យ, ទី១១ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា : គណបក្សប្រជាជនកម្ពុជា គឺមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែជាគណបក្សដែលបានខិតខំជាប់ជាប្រចាំ ហើយរឹតតែសកម្មក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសនៅគ្រប់ពេលវេលា និងទីកន្លែងដែលប្រជាពលរដ្ឋជួបការលំបាក ឬគ្រោះអាសន្ន។ ពិតណាស់ ក្នុងរយៈកាលកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា អាចបន្តប្រៀបឈ្នះក៏ដោយសារគណបក្សបើកចិត្តទូលំទូលាយ និងហ៊ានទទួលស្គាល់ចំណុចខ្វះខាត ដើម្បីដាក់ចេញនូវទិសដៅកំណែទម្រង់នានា ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ប្រធានគណបក្ស ធ្លាប់បានលើកឡើងថា៖ “កែទម្រង់រស់, មិនកែទម្រង់ស្លាប់” ព្រមជាមួយនឹងការដាក់ចេញនូវអភិក្រមទាំង ៥ គឺ “ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់”។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា, ចំពោះមុខនេះ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាកាន់តែខិតជិតមកដល់ សូមសកម្មជនយុវជនបក្ស ព្រមទាំងសមាជិក-សមាជិកាបក្សទាំងអស់ គប្បីអនុវត្តនូវគោលការណ៍ “៣ គួរ និង ៣ កុំ”។ ៣ គួរ រួមមាន៖ គួរទី១. យុវជនគួររក្សាជានិច្ចនូវស្មារតីយកប្រជាជនជាធំឱ្យស័ក្តិសមនឹងឈ្មោះ “គណបក្សប្រជាជនកម្ពុជា”, គួរទី២. គួរស្វែងយល់ឱ្យបានច្បាស់អំពីបុព្វហេតុ គុណតម្លៃ ក៏ដូចជាកម្មវិធីនយោបាយ និងទិសដៅនានារបស់គណបក្សដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងគួរទី៣. គួរមានស្មារតីបុរេសកម្មក្នុងការការពារ និងឆ្លើយតបចំពោះរាល់ការចោទប្រកាន់នានាគ្មានមូលដ្ឋានរបស់ក្រុមអគតិ ឬជ្រុលនិយមមួយចំនួន។ រីឯ ៣ កុំ រួមមាន៖ កុំទី១. កុំបង្កនូវការថ្នាំងថ្នាក់ដល់ប្រជាជន, កុំទី២. កុំធ្វើអ្វីដែលជាការបំពានដល់គោលការណ៍ច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប. និងកុំទី៣. កុំបណ្តោយឱ្យមានសកម្មភាពណាមួយដែលប៉ុនប៉ងបំពានច្បាប់បោះឆ្នោត, បំផ្លាញការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការពន្យល់ ថា, មូលហេតុធំ និងសាមញ្ញនៃការអនុវត្តគោលការណ៍ “៣គួរ និង៣កុំ” នេះ គឺដើម្បីឱ្យប្រជាជនកម្ពុជាបន្តមានជំនឿចិត្ត មានក្តីសង្ឃឹម និងលំនឹងស្ថិរភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយច្បាស់ថា យើងទាំងអស់អាចបន្តរស់នៅប្រកបដោយសេចក្តីសុខក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍ និងដោយគ្មានការព្រួយបារម្ភ ឬហានិភ័យណាមួយនោះឡើយ ៕
ដោយ ៖ សិលា