ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានបុរស២នាក់ដែរបានស្លាប់ក្នុងករណីផ្សេងគ្នា ដោយខ្យល់គរនិងគ្រោះថ្នាក់ចរាចរណ៏ក្នុងថ្ងៃតែមួយនៅស្រុកកំពង់រោទ៍។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៣ មានករណីខ្យល់គរមួយបានកើតឡើងនៅក្នុងភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទ៍ ដោយ ជនរងគ្រោះឈ្មោះឈឹម សារ៉េត ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរគ្រូបង្រៀនបានឈរលាងរថយន្តនៅខាងជើងផ្ទះរបស់ខ្លួនហើយបានរអិលជើងដួលបោកក្បាលមកក្រោយបណ្តាលអោយស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចក៏បានចុះមកពិនិត្យសពព្រមទាំងមានគ្រូពេទ្យផងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ខណៈមិនមានស្លាកស្នាមអ្វីជារឿងឃាតកម្មនោះទេ។
បច្ចុប្បន្នសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៣ មានករណិគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយខ្លួនឯងនៅលើផ្លូវលំស្ថិតនៅត្រង់ចំណុចភូមិត្រពាំងស្មាច់ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។
ប្រភពបន្តថា ជនរងគ្រោះមានឈ្មោះសំ សំអឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ បើកបរម៉ូតូមាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅសេ៊រីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ១CC-៤៦៨៣ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានរអិលធ្លាក់ចូលក្នុងស្រែបណ្តាលអោយដួលបាក់កស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ ដោយសារតែជនរងគ្រោះស្រវឹងស្រានិងប្រើប្រាស់ល្បឿនលឿង។
បច្ចុប្បន្នសពនិងម៉ូតូសមត្ថកិច្ចនគរបាលបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុថាន