ព័ត៌មានទាន់ហេតុការណ៍៖

អាណិតតារាសម្តែង អេង វ៉ាណង ណាស់និយាយរឿងមានជំងឺបាក់ទឹកចិត្តខ្លាំងដែលធ្វើឲ្យជំងឺមហារីកវិវត្តន៍កាន់តែលឿន

ចែករំលែក៖

ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ខ្លាំងក្រោយពីគេបានដឹងអំពីរឿងរ៉ាវតារាសម្តែង អ្នកនាង  អេង  វ៉ាណង  ដែលបានផ្លាស់ប្តូររូបរាងកាយ និងសម្រស់មើលស្ទើរលែងស្គាល់ព្រោះតែជម្ងឺមហារីកដំណាក់កាលទី៣  បូករួមជម្ងឺបាក់ទឹកចិត្ត ។ បន្ទាប់ពីលាក់រឿង  ពួនសម្ងំតស៊ូប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវមួយនេះអស់រយៈពេលជាច្រើនខែរួចមក  ពេលនេះអ្នកនាង  វ៉ាណង  បានទម្លាយអោយមហាជន ជាពិសេសមិត្តភក្តិតារា  បានដឹងឥតលាក់លាមពីស្ថានភាពជំងឺ  និងការវិវឌ្ឍយ៉ាងឆាប់រហ័ស  នៃជំងឺមហារីកមួយនេះ  ។ 

រៀបរាប់ទាំងទឹកភ្នែករលីងរលោង  អួលដើមកអោយអ្នកសារព័ត៌មានយើងដឹងថា  ដំបូងឡេីយអ្នកនាងមិនបានដឹងទេថា  ខ្លួនមានជំងឺនេះ  ទេីបតែរយៈពេល៥ខែចុងក្រោយនេះ  ទើបដឹង  ហើយទម្រាំតែដឹងខ្លួន  គឺជំងឺនេះវិវឌ្ឍដល់ដំណាក់កាលទី៣រួចទៅហេីយ  ។ ពេលឈឺដំបូងអ្នកនាងបានទៅព្យាបាលនៅមន្ទីរពេទ្យរុស្សុី  តែការព្យាបាលនៅក្នុងស្រុកហាក់មិនទទួលបានផល  ទើបអ្នកនាងសម្រេចចិត្តចេញទៅព្យាបាលនៅឯប្រទេសថៃ  ។ ពេលទៅដល់ក្រុមវេជ្ជបណ្ឌិតប្រាប់ថា  សាច់ដែលដុះក្នុងខ្លួននាងគឺសាច់កាច  ហើយតម្រូវអោយធ្វើការវះកាត់  ចេញជាបន្ទាន់  និងបន្តចាក់សារធាតុគីមីចំនួន១៦ដង  ដែលក្នុងម្តងត្រូវចំណាយអស់ខ្ទង់៨០០ដុល្លារ  ។ ដោយសារតែក្រុមគ្រួសារគ្មានលិទ្ធភាព  ក្នុងការព្យាបាល  ទេីបសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ  ហេីយលេបថ្នាំបណ្តោះអាសន្នសិន  ។ អ្នកនាងណង  បានបន្តទៀតថា  ដំបូងអ្នកនាងមិនចង់ទម្លាយអោយសាធារណជនបានដឹងទេ  ដោយសារតែនៅមានរបស់របរលក់យកលុយមេីលជំងឺ  ហើយណាមួយខ្លាចពាក្យមហាជននិយាយថា  ពួកតារាអោយតែឈឺ  គឺសុំជំនួយហេីយ  ។ តែក្រោយពីសម្ងំព្យាបាលរយ:ពេល៥ខែ  រហូតលក់របស់របរអស់ពីខ្លួន  នៅតែមិនទាន់ធូរស្រាល  ហើយណាមួយសភាពជំងឺបច្ចុប្បន្ននេះ  ត្រូវការចាំបាច់នៅប្រាក់ចំនួន២ម៉ឺនដុល្លារ  ក្នុងការចាក់សារធាតុគីមី  ទេីបអ្នកនាង  អេង  វ៉ាណង  ដាច់ចិត្តលេីកដៃសុំជំនួយ  ពីសាធារណៈជន  ដើម្បីបន្តជីវិតបានរស់នៅ  បីបាច់ថែរក្សាកូនតូចបីនាក់ និងម្តាយចាស់ម្នាក់ទៀត  ។ 

សប្បុរសជនដែលមានបំណងបរិច្ចាគ  ជួយបរិច្ចាគជាថវិកាបន្តិចបន្តួច ជួយដល់អ្នកនាង  អេង  វ៉ាណង  ផងចុះ  អាចធ្វើការបរិច្ចាគថវិកាតាមគណនី អ្នកនាងផ្ទាល់  ABA 081 700 999 Eng Vanorng ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទផ្ទាល់បាន 081 700 999៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖