ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជឿជាក់ថា យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពានប្រទេសកម្ពុជា គឺមកធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករបាក់ទ័ពរត់ចេញពីវៀតណាមចូលមកដែនដីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី២៨ ខែមិថុនា ឆ្នាំ២០២៣
សម្តេចតេជោ ហ៊ុន សែន បានដាក់ការសង្ស័យយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលឈ្លានពានចូលទឹកដីកម្ពុជានេះ គឺអាចចេញមកពីនាវា ឬចេញពីប្រទេសមួយ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសនានា ចំពោះការបង្ហោះយន្តហោះគ្មានមនុស្សបើកចូលមកដែនដីកម្ពុជា គឺជាបំពានដែនដីរបស់កម្ពុជា ហើយករណីនេះមិនមែនជារឿងសាមញ្ញនោះទេ គឺជារឿងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់រង្វាន់២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកបាន១គ្រឿង ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាយន្តហោះគ្មានមនុស្សបើក (ដ្រូន) ហោះចូលមកទឹកដីកម្ពុជានេះ មិនមែនជារឿងធម្មតានោះទេ វាអាចនឹងប៉ះពាល់ដល់សន្តិសុខជាតិ ដូច្នេះកម្ពុជា ត្រូវតែចាត់វិធានការការពារសន្តិសុខជាតិ ដើម្បីធានាដល់ការវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់រង្វាន់ចំនួន២០ម៉ឺនដុល្លារអាមេរិក សម្រាប់អង្គភាពណាដែលបានបាញ់ យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលហោះចូលនៅក្នុងទឹកដីកម្ពុជាក្នុងបំណងទុច្ចរិត។
សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាដាច់ណាត់ឱ្យដាក់សំណាញ់មេឃ និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលមកធ្វើសកម្មភាពឈ្លានពានកម្ពុជា។
សូមបញ្ជាក់ថា : សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញបានចេញសារអំពាវនាវបងប្អូនជនរួមជាតិ កុំមានការភិតភ័យចំពោះមុខការ ចល័តកងទ័ពដើម្បីការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី ក្រចេះដើម្បីកំចាត់ពួកភេវរកម្មតាមផ្លូវគោកនិងផ្លូវ អាកាស ។
សម្ដេចមានប្រសាសន៍ថា : បងប្អូនជនរួមជាតិជាទី គោរព ស្រឡាញ់ បន្ទាប់ពីការបញ្ចេញបញ្ជា កាលពីថ្ងៃមិញ កម្លាំងថែម សម្រាប់បម្រើឲ្យការកំទេច បាញ់កំទេច ដ្រោន ! ដែលហៅថាយន្តហោះគ្មានមនុស្សបើក បានធ្វើដំណើរចេញរួចស្រេចបាត់ទៅហើយ។ ខ្ញុំសូមអំពាវនាវបងប្អូននៅខេត្តក្រចេះ រតនគិរី មណ្ឌលគិរី និងកន្លែងដែលកងទ័ពយើងបានឆ្លងកាត់ កុំមានការភ័យព្រួយ អំពីសង្គ្រាមផ្ទុះឡើង នៅក្នុងប្រទេសកម្ពុជា ។ សម្ដេចបានថ្លែងទៀតថា, ការធ្វើដំណើរនៃកម្លាំងប្រដាប់អាវុធដែលចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តរតនគិរី មណ្ឌលគិរី និងទៅតាម ខេត្តក្រចេះ ត្បូងឃ្មុំ គឺជាកម្លាំងអន្តរាគមន៍ ដើម្បីជួយទៅដល់កម្លាំងយោធភូមិភាគទី ១ ដោយសារតែការបំពាន ជាបន្តបន្ទាប់ ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលយើងមិនដឹងប្រភពថាចេញពីទីកន្លែងណា ! ដូច្នេះយើងមានការចាំបាច់ដើម្បីការពារ នូវអធិបតេយ្យជាតិរបស់យើង ដែលខ្ញុំចាត់ទុកថា, .. នេះជាការឈ្លានពាន ហើយជាការប៉ុនប៉ង អំពើភេរវកម្ម, នៅលើទឹកដីកម្ពុជា ។
សម្ដេចបានបន្តថា, ខ្ញុំសុំចេញដាក់បទបញ្ជា បន្ថែមឲ្យកម្លាំងនៅយោធភូមិភាគទី ១ សហការជាមួយគ្រប់កម្លាំងទាំងអស់ ដើម្បីរុករកអ្នកដែលមកលាក់ខ្លួន នៅលើទឹកដីកម្ពុជា ។ ការធ្វើដំណើរទៅនេះ មិនមែនត្រឹមតែ ដើម្បីពួនស្ទាក់សម្រាប់ការកំទេច នូវយន្តហោះគ្មានមនុស្សបើក ដែលហៅ ដ្រោន ថានោះទេ ! ក៏ប៉ុន្តែយើងក៏ត្រូវរុករក នូវកម្លាំងដែលលាក់ពួន រត់ឆ្លងកាត់ពីប្រទេសវៀតណាម ចូលមកលាក់ខ្លួនក្នុងទឹកដីប្រទេសកម្ពុជា។ យើងក៏អំពាវនាវផងដែរចំពោះប្រទេសទាំងឡាយ ដែលផ្ដល់ទីតាំងឲ្យ ដ្រោន យន្តហោះគ្មានមនុស្សបើក ចូលមកក្នុងទឹកដីរបស់យើង បញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលមានចរិតជាភេរវកម្ម ប្រឆាំងនឹងឯករាជ្យ អធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងទៀតថា : ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សហការផ្ដល់ព័ត៌មាន ចំពោះអ្នកដែលបានលាក់ខ្លួន នៅក្នុងទឹកដីកម្ពុជា ដ្រោន នេះច្បាស់ណាស់ថា កំពុងស្វែងរក , ទំនាក់ទំនងនៃក្រុមបាក់ទ័ព ដែលរត់ចេញពីប្រទេសវៀតណាម ហើយអាចមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។
សម្ដេចមានប្រសាសន៍ថា, សូមបងប្អូនប្រជាពលរដ្ឋរបស់យើង ផ្ដល់កិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មាន សម្រាប់កងទ័ពរបស់យើង ផ្នែកខាងក្រោម។ ឯផ្នែកខាងលើក្រៅពី និយាយរួម យើងមានអាវុធជាច្រើនប្រភេទដើម្បីកំទេចនូវ យន្តហោះដែលគ្មានមនុស្សបើក ហើយដែលតែង ប៉ុន្មានយប់កន្លងទៅនេះ តែងមកបំពានលើអធិបតេយ្យរបស់យើង ដែលខ្ញុំចាត់ទុកថាជាអំពើភេរវកម្ម ។
សម្ដេចបានមានប្រសាសន៍ទៀតថា : ជាថ្មីម្ដងទៀត ! ខ្ញុំសូមអំពាវនាវ ដល់ប្រទេសជិតខាងរបស់យើង ដែលផ្ដល់មូលដ្ឋានសម្រាប់ការហោះហើរ របស់ដ្រោន ឱ្យបញ្ឈប់ជាបន្ទាន់ ! នៃសកម្មភាពនេះ..! សុំគោរពអធិបតេយ្យរបស់យើង យើងចង់មានសេចក្តីសុខ ហើយគ្មានប្រាថ្នាអ្វី ក្រៅពីសេចក្តីសុខ និងឯករាជ្យ អធិបតេយ្យភាពរបស់ យើងនោះទេ ! សូមប្រជាពលរដ្ឋរបស់យើង កុំមានការព្រួយបារម្ភ និងជ្រួលច្របល់ចំពោះសភាពការណ៍ ដែលអាចកើតឡើង នៅក្នុងពេលដែលយើងចល័ត កងទ័ព បូកជាមួយនឹង ការដែលមានលទ្ធភាព ដែលយើងអាចបាញ់ទម្លាក់ នូវយន្តហោះគ្មានមនុស្សបើក នៅក្នុងទឹកដីកម្ពុជា ! ជឿជាក់ថារាជរដ្ឋាភិបាល , អាចនឹងគ្រប់គ្រងសភាពការណ៍ ទាំងអស់នេះដោយ មានកិច្ចសហការ ពី ខាងភាគីវៀតណាម ដែលជាជនរងគ្រោះដោយសារអំពើភេរវកម្ម ក្នុងរយៈកាលកន្លងទៅនេះ ខ្ញុំសុំឱ្យកម្លាំងទាំងអស់ ធ្វើសកម្មភាពដោយម៉ត់ចត់ រុករកខាងក្រោមបន្ថែមទៅដោយ ការត្រៀមបម្រុងបាញ់ កំទេចនូវយន្តហោះគ្មានមនុស្សបើក ពីរខាងលើ ៕
ដោយ ៖ សុខ ខេមរា