ព័ត៌មានទាន់ហេតុការណ៍៖

អាណិតតារាសម្តែង អេង វ៉ាណង ណាស់និយាយរឿងមានជំងឺបាក់ទឹកចិត្តខ្លាំងដែលធ្វើឲ្យជំងឺមហារីកវិវត្តន៍កាន់តែលឿន

ចែករំលែក៖

ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ខ្លាំងក្រោយពីគេបានដឹងអំពីរឿងរ៉ាវតារាសម្តែង អ្នកនាង  អេង  វ៉ាណង  ដែលបានផ្លាស់ប្តូររូបរាងកាយ និងសម្រស់មើលស្ទើរលែងស្គាល់ព្រោះតែជម្ងឺមហារីកដំណាក់កាលទី៣  បូករួមជម្ងឺបាក់ទឹកចិត្ត ។ បន្ទាប់ពីលាក់រឿង  ពួនសម្ងំតស៊ូប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវមួយនេះអស់រយៈពេលជាច្រើនខែរួចមក  ពេលនេះអ្នកនាង  វ៉ាណង  បានទម្លាយអោយមហាជន ជាពិសេសមិត្តភក្តិតារា  បានដឹងឥតលាក់លាមពីស្ថានភាពជំងឺ  និងការវិវឌ្ឍយ៉ាងឆាប់រហ័ស  នៃជំងឺមហារីកមួយនេះ   

រៀបរាប់ទាំងទឹកភ្នែករលីងរលោង  អួលដើមកអោយអ្នកសារព័ត៌មានយើងដឹងថា  ដំបូងឡេីយអ្នកនាងមិនបានដឹងទេថា  ខ្លួនមានជំងឺនេះ  ទេីបតែរយៈពេល៥ខែចុងក្រោយនេះ  ទើបដឹង  ហើយទម្រាំតែដឹងខ្លួន  គឺជំងឺនេះវិវឌ្ឍដល់ដំណាក់កាលទី៣រួចទៅហេីយ  ។ ពេលឈឺដំបូងអ្នកនាងបានទៅព្យាបាលនៅមន្ទីរពេទ្យរុស្សុី  តែការព្យាបាលនៅក្នុងស្រុកហាក់មិនទទួលបានផល  ទើបអ្នកនាងសម្រេចចិត្តចេញទៅព្យាបាលនៅឯប្រទេសថៃ  ។ ពេលទៅដល់ក្រុមវេជ្ជបណ្ឌិតប្រាប់ថា  សាច់ដែលដុះក្នុងខ្លួននាងគឺសាច់កាច  ហើយតម្រូវអោយធ្វើការវះកាត់  ចេញជាបន្ទាន់  និងបន្តចាក់សារធាតុគីមីចំនួន១៦ដង  ដែលក្នុងម្តងត្រូវចំណាយអស់ខ្ទង់៨០០ដុល្លារ  ។ ដោយសារតែក្រុមគ្រួសារគ្មានលិទ្ធភាព  ក្នុងការព្យាបាល  ទេីបសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ  ហេីយលេបថ្នាំបណ្តោះអាសន្នសិន  ។ អ្នកនាងណង  បានបន្តទៀតថា  ដំបូងអ្នកនាងមិនចង់ទម្លាយអោយសាធារណជនបានដឹងទេ  ដោយសារតែនៅមានរបស់របរលក់យកលុយមេីលជំងឺ  ហើយណាមួយខ្លាចពាក្យមហាជននិយាយថា  ពួកតារាអោយតែឈឺ  គឺសុំជំនួយហេីយ  ។ តែក្រោយពីសម្ងំព្យាបាលរយ:ពេល៥ខែ  រហូតលក់របស់របរអស់ពីខ្លួន  នៅតែមិនទាន់ធូរស្រាល  ហើយណាមួយសភាពជំងឺបច្ចុប្បន្ននេះ  ត្រូវការចាំបាច់នៅប្រាក់ចំនួន២ម៉ឺនដុល្លារ  ក្នុងការចាក់សារធាតុគីមី  ទេីបអ្នកនាង  អេង  វ៉ាណង  ដាច់ចិត្តលេីកដៃសុំជំនួយ  ពីសាធារណៈជន  ដើម្បីបន្តជីវិតបានរស់នៅ  បីបាច់ថែរក្សាកូនតូចបីនាក់ និងម្តាយចាស់ម្នាក់ទៀត   

សប្បុរសជនដែលមានបំណងបរិច្ចាគ  ជួយបរិច្ចាគជាថវិកាបន្តិចបន្តួច ជួយដល់អ្នកនាង  អេង  វ៉ាណង  ផងចុះ  អាចធ្វើការបរិច្ចាគថវិកាតាមគណនី អ្នកនាងផ្ទាល់  ABA 081 700 999 Eng Vanorng ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទផ្ទាល់បាន 081 700 999៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖