ភ្នំពេញ ៖ សម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូន ជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ (ពហុកីឡដ្ឋានជាតិមរតកតេជោ, នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា : សូមសម្តែងនូវក្តីរីករាយអបអរសាទរចំពោះការប្រគល់-ទទួលរថយន្តដឹកជញ្ជូនសរុបចំនួន ២៣០ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៦២ អង្គភាព ។ ព្រឹត្តិការណ៍នេះ គឺជាជំហានទី២ នៃការកៀរគរធនធានក្នុងទ្រង់ទ្រាយធំរបស់សប្បុរសជនខ្មែរ, ក្រុមហ៊ុនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាការគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិយើង ។
លោក នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា : ក្នុងនាម សម្តេចទាំងទ្វេ ខ្ញុំសូមសម្តែងនូវការអរគុណចំពោះសប្បុរសជនខ្មែរយើងទាំងអស់ ដែលតែងបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ជាពិសេសនៅក្នុងដំណាក់កាលដែលកងយោធពលខេមរភូមិន្ទ កំពុងខិតខំពុះពារសម្រេចឱ្យបាននូវដំណើរការកំណែទម្រង់របស់ខ្លួន សំដៅកសាង និងពង្រឹងប្រៀបការពារជាតិឱ្យបានកាន់តែរឹងមាំ ធានាបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ ។
លោក នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា : ទឹកចិត្ត និងកាយវិការដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងនាមសមរភូមិក្រោយ ដែលតែងតែឧបត្ថម្ភគាំទ្រផ្នែកមូលដ្ឋានសម្ភារចាំបាច់ឱ្យដល់កងទ័ព ដើម្បីឱ្យកងទ័ពអាចប្រើប្រាស់សមត្ថភាពជំនាញប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគ្រប់ភារកិច្ចចាំបាច់ចំពោះមុខ រួមទាំងក្នុងប្រតិបត្តិការជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាដើម្បីឆ្លើយតបចំពោះដំណើរការទំនើបកម្មស្របតាមការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ។ កងទ័ពកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន ហើយប្រជាជនវិញ គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំង ទាំងកម្លាំងទ័ព និងកម្លាំងភស្តុភារ ។ មួយវិញទៀត អំណោយដ៏ថ្លៃថ្លានេះ ក៏បានឆ្លុះបញ្ចាំងផងដែរ អំពីចំណងសាមគ្គីភាព និងសម្ព័ន្ធមេត្រីភាពជិតស្និទ្ធរវាងកងទ័ព និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន ។
លោក នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវលើកទឹកចិត្តដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមបន្តចូលរួមចំណែកអនុវត្តកាតព្វកិច្ចការពារជាតិដ៏ពិសិដ្ឋរបស់ពលរដ្ឋ ដោយឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជននេះ ឱ្យបានកាន់តែសកម្មបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង ជាពិសេសបម្រើដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល និងឆ្អឹងខ្នងនៃខឿនការពារជាតិ ៕
ដោយ ៖ សិលា