រដ្ឋាភិបាលបារាំងនៅថ្ងៃពុធទី ២៨ ខែមិថុនាបានប្រកាសថា មនុស្ស ៣១នាក់ត្រូវបានចាប់ខ្លួន ហើយសន្តិសុខត្រូវបានរឹតបន្តឹងបន្ទាប់ពីកុបកម្មនៅជាយក្រុងប៉ារីស។
ក្រុមបាតុករនិងប៉ូលិសបានប៉ះទង្គិចគ្នាកាលពីយប់ថ្ងៃទី២៧ខែឧសភា នៅជាយក្រុងប៉ារីសនិងទីក្រុង Nanterre បន្ទាប់ពីបុរសដឹកជញ្ជូនអាយុ ១៧ ឆ្នាំម្នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលិស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បាននិយាយថា ប៉ូលិស២៥នាក់បានរងរបួស និងរថយន្ត ៤០គ្រឿងបានឆេះក្នុងអំឡុងពេលភាពចលាចលពេញមួយយប់ ដែលភាគច្រើននៅទីក្រុង Nanterra ។
លោកបាននិយាយថា ប៉ូលិសចំនួន 1.200 នាក់ត្រូវបានដាក់ពង្រាយពេញមួយយប់ ហើយ 2.000 នាក់នឹងត្រូវដាក់ពង្រាយនៅថ្ងៃទី២៨នៅក្នុងតំបន់ប៉ារីស និងជុំវិញទីក្រុងធំៗផ្សេងទៀតដើម្បី “រក្សាសណ្តាប់ធ្នាប់”។
ដោយខឹងនឹងការបាញ់សម្លាប់នេះ ក្រុមអ្នកតវ៉ាបានដុតរបាំងការពារ ហើយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈ Nanterre បាននិយាយថា មន្ត្រីដែលត្រូវបានចោទប្រកាន់ពីបទបើកការបាញ់ប្រហារលើអ្នកបើកបរត្រូវបានឃុំខ្លួនពីបទមនុស្សឃាត។
លោករដ្ឋមន្ត្រី Darmanin បាននិយាយថា ក្រុមឃ្លាំមើលប៉ូលិស (IPGN) បានបើកការស៊ើបអង្កេតផ្ទៃក្នុងលើឧប្បត្តិហេតុនេះ។ អំពើហិង្សាបានចាប់ផ្តើមកាលពីយប់ថ្ងៃអង្គារជាមួយនឹងការតវ៉ាមួយនៅខាងក្រៅស្ថានីយប៉ូលីស Nanterra បន្ទាប់មកបានរីករាលដាលទៅកាន់ទីក្រុងជិតខាង។
ការតវ៉ាត្រូវបានបង្កឡើងដោយវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គមនៃការបាញ់ប្រហារកាលពីថ្ងៃអង្គារ។ នៅក្នុងវីដេអូ ដែលត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារសារព័ត៌មានបារាំងជាច្រើន ប៉ូលិសពីរនាក់អាចត្រូវបានគេមើលឃើញថាកំពុងព្យាយាមឈប់រថយន្ត ហើយម្នាក់ទៀតបានភ្ជង់អាវុធទៅអ្នកបើកបរ ហើយបាញ់សម្លាប់នៅពេលគាត់បើករថយន្តចេញទៅ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ការបាញ់ប្រហារនេះគឺ “មិនអាចពន្យល់បាន” និង “មិនអាចលើកលែងបាន” ។ លោក Jean-Luc Melenchon អ្នកនយោបាយឆ្វេងនិយមនិយាយថា ប៉ូលិសកំពុងបង្ខូចកេរ្តិ៍ឈ្មោះប្រទេស ហើយចាំបាច់ត្រូវធ្វើកំណែទម្រង់តាំងពីមូលដ្ឋាន៕ ដោយ៖ ធីរីណា
រូបថត៖ AFP