ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៦ខែក្នុងឆ្នាំ២០២៣នេះកម្ពុជាប្រមូលពន្ធដាររកចំណូលបានជាង ២ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល៦ខែក្នុងឆ្នាំ២០២៣នេះ កម្ពុជារក ចំណូលបានជាង ២ ពាន់លានដុល្លារ ពីពន្ធអាករគ្រប់ប្រភេទតាមរយៈអគ្គនាយកដ្ឋានពន្ធដារ ស្មើ ៥៨,២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ។

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកពន្ធដារប្រមូលបានប្រមាណ ២ ០៧២,៣៩ លានដុល្លារ ស្មើ ៥៨,២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដាស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ថ្លែងក្នុងកិច្ចប្រជុំនេះថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល៦ខែឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់ផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មានចំនួន ៣ ៥៧២,៧០លានដុល្លារ។

លោកអគ្គនាយ គង់ វិបុល ក៏ជាអគ្គនាយកនៃអគ្គ នាយកដ្ឋានពន្ធដារ ថ្លែងទៀតថា កំណែទម្រង់និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ២០១២ រហូតមក បានធ្វើឱ្យប្រព័ន្ធពន្ធដារមានភាពរឹងមាំ ហើយថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារកែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធ។

លោកអគ្គនាយថ្លែងដូច្នេះថា៖«សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា(GDP) ត្រូវបានគេរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៦០% ហើយ ការប្រមូលចំណូលពន្ធដារត្រូវបានពន្យាករថានឹងសម្រេចបានក្នុងរង្វង់១០៥%នៅឆ្នាំ២០២៣»។

ទោះបីយ៉ាងណាលោកអគ្គនាយកត់សម្គាល់ថា ការប្រមូលចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះសម្រាប់រយៈពេល៦ខែឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ កម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ ថយចុះ (១២,៨៩%) វិស័យអសលនទ្រព្យ ថយចុះ ៣,៨៨% ហើយពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បានថយចុះប្រមាណ ២៦,៨៦% ផងដែរ។

ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបាន ៣,៤៥ពាន់លានដុល្លារ ស្មើ១២២,៥៤ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២៕

ដោយ៖ សូរិយា


ចែករំលែក៖