ព័ត៌មានទាន់ហេតុការណ៍៖

អតីតកីឡាកររបស់ Inter Milan និង Spurs ខ្សែបម្រើស្លាប Perisic ចូលរួមជាមួយ PSV

ចែករំលែក៖

ក្លិបលីកកំពូលរបស់ហុល្លង់ PSV Eindhoven បានចុះហត្ថលេខានាំយកកីឡាករសញ្ជាតិក្រូអាត Ivan Perisic រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះក្នុងនាមជាកីឡាករមិនមានតម្លៃផ្ទេរ។  នេះបើយោងតាមក្លិបនៅលីក Eredivisie បានប្រកាសកាលពីថ្ងៃសុក្រ។

ខ្សែបម្រើស្លាបវ័យ៣៥ឆ្នាំរូបនេះគ្មានក្លិបលេងនៅឡើយ បន្ទាប់ពីកុងត្រារបស់គាត់ជាមួយក្លិប Hajduk Split របស់ក្រូអាតត្រូវបានបញ្ចប់ក្នុងខែសីហា។ Perisic បានចូលរួមជាមួយក្លិបកាលពីកុមារភាព Hajduk របស់គាត់ ដោយដំបូងឡើយក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា ជាមួយនឹងកិច្ចព្រមព្រៀងដើម្បីធ្វើឱ្យការផ្លាស់ប្តូរជាអចិន្ត្រៃយ៍នៅពេលកិច្ចសន្យារបស់គាត់នឹងផុតកំណត់ជាមួយ Tottenham Hotspur ក្នុងខែមិថុនា។

អតីតកីឡាករ Inter Milan និង Borussia Dortmund រូបនេះបានចូលរួមជាមួយ Spurs កាលពីឆ្នាំ២០២២ និងបានបង្ហាញខ្លួនចំនួន៥០ដងក្នុងរយៈពេលពីររដូវកាលជាមួយក្លិបនៅទីក្រុងឡុង។ គាត់បានជួយក្រុមឈ្នះពានរង្វាន់ Champions League ជាមួយ Bayern Munich កាលពីឆ្នាំ២០២០ ខណៈដែលកំពុងខ្ចីជើងពី Inter Milan។

Perisic ក៏ធ្លាប់ជួយក្រុមឈ្នះពានលីក និងពានក្នុងស្រុកនៅប្រទេសអាឡឺម៉ង់ និងអុីតាលី ហើយស៊ុតបញ្ចូលទីបាន៣៣គ្រាប់ក្នុងការបង្ហាញខ្លួន១៣៦លើកសម្រាប់ក្រូអាត រួមទាំងការបរាជ័យចុងក្រោយនៅ World Cup 2018 ក្រោមថ្វីជើងបារាំង។

ក្លិប PSV បានរងបរាជ័យក្នុងលទ្ធផល ៣-១ ដោយក្រុមអុីតាលី Juventus ក្នុងការប្រកួតបើកឆាក Champions League របស់ពួកគេកាលពីថ្ងៃអង្គារកន្លងទៅ ប៉ុន្តែបច្ចុប្បន្នបានឈរលេខ២ក្នុងតារាង Eredivisie ហើយជាម្ចាស់ជើងឯកលីកកំពូលហុល្លង់កាលពីរដូវកាលមុនផងដែរ។ ការប្រកួតនៅ Eredivisie របស់ក្រុម PSV សម្រាប់សប្តាហ៍ទី៦របស់ខ្លួននឹងត្រូវប៉ះក្រុមម្ចាស់ Fortuna Sittard នៅថ្ងៃអាទិត្យនេះ ដោយក្រុម PSV កំពុងឈរលេខ២មាន១៥ពិន្ទុ ខណៈដែលក្រុម Fortuna Sittard កំពុងឈរលខ១១មាន៦ពិន្ទុ ក្នុង៥ប្រកួតដូចគ្នា ៕

ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA)


ចែករំលែក៖