ខេត្តកែប ៖ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះតាម facebook អរគុណដល់ប្រជាពលរដ្ឋ ក្នុងខេត្តកែបទាំងអស់ ចំពោះការអញ្ជើញទៅបោះឆ្នោត និងគាំទ្រ គណបក្សប្រជាជនកម្ពុជា ។
លោកអភិបាលខេត្តបានថ្លែងថា : សូមគោរពលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋខេត្តកែបទាំងអស់ជាទីស្រឡាញ់បំផុត!❤️️🙏
លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានលើកឡើងថា : ក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់សូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋខេត្តកែបទាំងអស់ ដែលបាននាំគ្នាចេញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះយ៉ាងច្រើនកុះករមានរហូតដល់ ៩១.៩៣ % និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីរហូតដល់ ៨៧.២៣%(លទ្ធផលបឋម) បើទោះបីជាមានភ្លៀងធ្លាក់រលឹមស្រិចៗយ៉ាងណាក៏ដោយ ដែលចំនួននេះមានច្រើនជាងចំនួនអ្នកទៅបោះឆ្នោតជាតិឆ្នាំ២០១៨ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ សម្រាប់មូលដ្ឋានខេត្តកែប ។ ការអញ្ញើញទៅបោះឆ្នោតដ៏ច្រើនលើសលប់នេះ ឆ្លុះបញ្ចាំងពីការបំពេញកាតព្វកិច្ច និងការអនុវត្តសិទ្ធិជាពលរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជឿទុកចិត្តបានដើម្បីដឹកនាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែរុងរឿងសម្បូរសប្បាយថែមទៀត ។
លោកបន្តថា : ខ្ញុំសូមគោរពជូនពរ លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋខេត្តកែបទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនទាំងអស់ទទួលនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតពីខ្ញុំបាទ ៕
ដោយ : សហការី