ភ្នំពេញ ៖ លោក ហ៊ុន ម៉ានិត នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះលើ facebook សូមគោរពលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋស្រុកចំការលើ និងស្រុកស្ទឹងត្រង់ទាំងអស់ ជាទីគោរព!
ខ្ញុំបាទសូមកោតសរសើរនិងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាននាំគ្នាចេញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះយ៉ាងច្រើនកុះករ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ ដែលចំនួននេះមានច្រើនជាងចំនួនអ្នកទៅបោះឆ្នោតឆ្នាំ២០២២។
លោកបានលើកឡើងថា : ការចេញទៅបោះឆ្នោតដ៏ច្រើនលើសលប់នេះ ឆ្លុះបញ្ចាំងពីការបំពេញកាតព្វកិច្ចនិងការអនុវត្តសិទ្ធិជាពលរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្តនិងជឿទុកចិត្តបានដើម្បីដឹកនាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែរុងរឿងសម្បូរសប្បាយថែមទៀត។
លោក ហ៊ុន ម៉ានិត បានថ្លែងថា : ខ្ញុំសូមគោរពជូនពរ លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋនៅស្រុកចំការលើនិងស្រុកស្ទឹងត្រង់ទាំងអស់សូមប្រកបដោយពុទ្ធពរនិងពរទាំង៥ ប្រការ គឺ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ
សូមអ៊ុំ ពូ មីង បង ប្អូនទាំងអស់ទទួលនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅពីខ្ញុំបាទ។
ហ៊ុន ម៉ានិត ៕
ដោយ ៖ សហការី