ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ចេញសេចក្តីប្រកាសព័ត៌មានពីរបាយការណ៍បឋមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងបានធ្វើការសន្និដ្ឋាន ៧ចំណុច ករណីបោះឆ្នោតនៅកម្ពុជា មានតម្លាភាព សេរី យុត្តិធម៌ គ្មានហិង្សា

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីការប្រព្រឹត្តទៅ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅកម្ពុជា មានភាពប្រជាធិបតេយ្យ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍បឋមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មកពី ៧ស្ថាប័ន នឹងបានចុះទៅការិយាល័យបោះឆ្នោតចំនួន២៨៨ ដើម្បីចូលរួមសង្កេតដំណើរការបើកការិយាល័យបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅកម្ពុជា និងបានធ្វើការសន្និដ្ឋានបន្ថែមចំនួន ៧ចំណុច។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ម្សិលមុិញនេះ បានបញ្ជាក់ឱ្យដឹងថា អ្នកសង្កេតការណ៍ជាតិ មកពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគមចំនួន ៩០ស្ថាប័ន បានអញ្ជើញចុះទៅសង្កេតការបោះឆ្នោតចំនួន ១,៨០០ការិយាល័យបោះឆ្នោត។ ទន្ទឹមនឹងនេះអ្នកសង្កេតការណ៍អន្តរជាតិ អញ្ជើញមកពី ៧ស្ថាប័ន បានចុះទៅការិយាល័យបោះឆ្នោតចំនួន ២៨៨ ដើម្បីចូលរួមសង្កេតដំណើរការបើកការិយាល័យបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ដែលទទួលបានពីអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ, វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានធ្វើការសន្និដ្ឋានបឋម ៧ចំណុចដូចខាងក្រោម៖

ទី១៖ ស្ថានភាពជារួមនៃដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អប្រសើរ ស្ងប់ស្ងាត់ និងមិនមានការរំខាន ឬអំពើហិង្សាណាមួយកើតមានឡើងដែលគួរឱ្យកត់សម្គាល់ឡើយ។

ទី២៖ ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោត បានប្រើប្រាស់សិទ្ធិតាមឆន្ទៈរបស់ខ្លួនក្នុងការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ប្រកបដោយក្ដីសោមនស្សរីករាយ និងមិនមានការភ័យខ្លាច។

ទី៣៖ មន្រ្តីការិយាល័យបោះឆ្នោតរបស់ គ.ជ.ប. បានអនុវត្តតួនាទីនិងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានភាពត្រឹមត្រូវ តម្លាភាព និងវិជ្ជាជីវៈ។

ទី៤៖ នៅតាមការិយាល័យបោះឆ្នោត ឃើញមានអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ រួមទាំងភ្នាក់ងារគណបក្សនយោបាយបានចូលរួមតាមដានសង្កេតដំណើរការបោះឆ្នោត ចាប់តាំងពីពេលបើកការិយាល័យបោះឆ្នោត រហូតដល់ការបិទបញ្ចប់ការរាប់សន្លឹកឆ្នោត។

ទី៥៖ មកទល់ពេលនេះពុំឃើញមានភាពមិនប្រក្រតី ឬភាពអសកម្ម ឬបណ្ដឹងតវ៉ាណាមួយដែលកើតមាន នៅតាមការិយាល័យបោះឆ្នោតឡើយ។

ទី៦៖ ស្ថានភាពដំណើការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូន សេរី មានតម្លាភាព និងគ្មានការរំខាន ឬការបង្ខិតបង្ខំណាមួយឡើយ។

និងទី៧៖ ជារួមជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានបង្ហាញថា គ.ជ.ប. មានភាពចាស់ទុំនិងម្ចាស់ការក្នុងការគ្រប់គ្រងដំណើរការរៀបចំការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាឱ្យបាននូវឯករាជ្យភាព អធិបតេយ្យភាព តម្លាភាព និងភាពត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងមិនប្រកាន់នូវនិន្នាការនយោបាយ៕

ដោយ : សហការី


ចែករំលែក៖