ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការបោះឆ្នោត​ប្រកបដោយ​ជោគជ័យ​ នៅតាមបណ្ដាហាងលក់ទំនិញ និងផ្សារមួយចំនួននៅភ្នំពេញ បើកដំណើរវិញជាធម្មតា

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពី​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ១ថ្ងៃ នៅក្នុងរាជធានីភ្នំពេញ មាន​ស្ថានភាព​សុខសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ពលរដ្ឋគ្មានការភ័យខ្លាចប្រកបដោយជោគជ័យ យើយ​សង្កេតឃេីញថា​នៅតាមបណ្ដាហាងលក់ទំនិញ និងតូបតាមផ្សារសាធារណៈ និងឯកជនមួយចំនួនធំបានបើកដំណើរការ​វិញជាធម្មតា និងខ្លះបន្តបិទ ដើរកម្សាន្តទៅតាមរមណីយដ្ឋានទេសចរណ៍ ​ហើយអាជីវកម្មខ្លះទៀត បន្តបិទ​ដោយសារបុគ្គលិក កម្មករ មិនទាន់ត្រឡប់មកពីស្រុកកំណើតវិញ។

ជាក់ស្ដែង​បើតាមការបញ្ជាក់ពី​គណៈកម្មាធិការ​ផ្សារ​ច្បារអំពៅ​ បានឱ្យដឹងនាថ្ងៃទី២៤ ខែកក្តដា​ ឆ្នាំ២០២៣នេះថា​ សម្រាប់ផ្សារច្បារអំពៅ នៅក្រោយការបោះឆ្នោតសកល ​មួយថ្ងៃនេះ គឺមាន​តូប​អាជីវករ​ប្រមាណជាង៦០% ​គឺបានបើកដំណើរការវិញ​ក្នុងទឹកមុខ​សប្បាយរីករាយ ហើយ​អាជីវករខ្លះទៀត ​បានបន្តបិទតូបបន្តដើរ​កម្សាន្ត​ទៅ​គោលដៅ​ទេសចរណ៍នានា។

ជាមួយគ្នានេះ​ ក្រុមអាជីវករលក់ដូរក្នុងផ្សារ​ ក៏បានឱ្យដឹងដែរថា​ ​នៅក្នុងការបោះឆ្នោតសកល អាណត្តិទី៧នេះ ​យើងមិនមានការភ័យខ្លាចដូចការបោះឆ្នោតអាណត្តិមុនៗនោះទេ ពោលគឺយើង​មាន​ការពេញចិត្តលទ្ធផលការបោះឆ្នោតនេះ ហើយបណ្តាអាជីវករ ​ក៏ស្នើឱ្យការបោះឆ្នោតសកល​នៅអាណត្តិបន្តបន្ទាប់ទៀត​ គឺបន្តមានស្ថានភាព​ស្ងប់ស្ងាត់​ល្អប្រសើរ​ ដូចនេះរហូតទៅ ដើម្បីងផ្តល់​ឱកាសល្អប្រសើរដល់អាជីវករ និងអ្នកវិនិយោគទុនជាតិអន្តរជាតិ​ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ​មានរីកចំរើនលឿន។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)។

សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ដែលទទួលបានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ដែលមាននៅរាជធានីភ្នំពេញ ១អាសនៈ, ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ ខេត្តកណ្តាល ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ៕

ដោយ៖ សហការី​


ចែករំលែក៖