ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ១ថ្ងៃ នៅក្នុងរាជធានីភ្នំពេញ មានស្ថានភាពសុខសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ពលរដ្ឋគ្មានការភ័យខ្លាចប្រកបដោយជោគជ័យ យើយសង្កេតឃេីញថានៅតាមបណ្ដាហាងលក់ទំនិញ និងតូបតាមផ្សារសាធារណៈ និងឯកជនមួយចំនួនធំបានបើកដំណើរការវិញជាធម្មតា និងខ្លះបន្តបិទ ដើរកម្សាន្តទៅតាមរមណីយដ្ឋានទេសចរណ៍ ហើយអាជីវកម្មខ្លះទៀត បន្តបិទដោយសារបុគ្គលិក កម្មករ មិនទាន់ត្រឡប់មកពីស្រុកកំណើតវិញ។
ជាក់ស្ដែងបើតាមការបញ្ជាក់ពីគណៈកម្មាធិការផ្សារច្បារអំពៅ បានឱ្យដឹងនាថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៣នេះថា សម្រាប់ផ្សារច្បារអំពៅ នៅក្រោយការបោះឆ្នោតសកល មួយថ្ងៃនេះ គឺមានតូបអាជីវករប្រមាណជាង៦០% គឺបានបើកដំណើរការវិញក្នុងទឹកមុខសប្បាយរីករាយ ហើយអាជីវករខ្លះទៀត បានបន្តបិទតូបបន្តដើរកម្សាន្តទៅគោលដៅទេសចរណ៍នានា។
ជាមួយគ្នានេះ ក្រុមអាជីវករលក់ដូរក្នុងផ្សារ ក៏បានឱ្យដឹងដែរថា នៅក្នុងការបោះឆ្នោតសកល អាណត្តិទី៧នេះ យើងមិនមានការភ័យខ្លាចដូចការបោះឆ្នោតអាណត្តិមុនៗនោះទេ ពោលគឺយើងមានការពេញចិត្តលទ្ធផលការបោះឆ្នោតនេះ ហើយបណ្តាអាជីវករ ក៏ស្នើឱ្យការបោះឆ្នោតសកលនៅអាណត្តិបន្តបន្ទាប់ទៀត គឺបន្តមានស្ថានភាពស្ងប់ស្ងាត់ល្អប្រសើរ ដូចនេះរហូតទៅ ដើម្បីងផ្តល់ឱកាសល្អប្រសើរដល់អាជីវករ និងអ្នកវិនិយោគទុនជាតិអន្តរជាតិ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិមានរីកចំរើនលឿន។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)។
សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ដែលទទួលបានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ដែលមាននៅរាជធានីភ្នំពេញ ១អាសនៈ, ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ ខេត្តកណ្តាល ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ៕
ដោយ៖ សហការី