ភ្នំពេញ ៖ បន្ទាប់ពីប្រធានាធិបតីចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ តាមរយះស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ប្រជាមានិត្យចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដដែលនេះ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានផ្ញើសារមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចូលរួមអបអរសាទរចំពោះជោគជ័យ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលនាំមុខដោយគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ៖ តាមរយៈសារលិខិតនេះ លោក លី ឈាង បានលើកឡើងថា «ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជ័យជម្នះជាថ្មីម្ដងទៀតរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី។ នៅក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងកេរ្តិ៍ឈ្មោះនៅក្នុងតំបន់»។
លិខិតរបស់លោកនាយករដ្ឋមន្រ្តីបានបន្តថា «ចិន និងកម្ពុជាគឺជាមិត្តពិតប្រាកដ និងជាបងប្អូនល្អដែលទុកចិត្តគ្នាទៅវិញទៅមក ដែលរួមគ្នាឆ្ពោះទៅមុខនៅក្នុងការកសាងគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ នៃសហគមន៍ចិន-កម្ពុជា ជាមួយអនាគតរួមក្នុងយុគសម័យថ្មី។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសម្ដេចនាយករដ្ឋមន្ត្រី ដើម្បី ជំរុញឱ្យកាន់តែជិតស្និទ្ធលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ»។
សូមបញ្ជាក់ថា តាមលទ្ធផលក្រៅផ្លូវការ បានឱ្យដងថា គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខ នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តទី៧ ដោយអាចនឹងគ្រប់គ្រងអសនៈចំនួន១២០ នៅក្នុងរដ្ឋសភា ខណៈដែលគណ បក្សហ៊្វុនស៊ិនប៉ិច អាចនឹងទទួលបាន៥អាសនៈផងដែរ។ ការបោះឆ្នោតនេះ មានប្រជាពលរដ្ឋជាង៨លាននាក់ ដែលស្មើនឹងប្រមាណ៨៤.៥៨ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី បានអញ្ជើញទៅបោះឆ្នោតដែលអត្រានេះ មានចំនួនខ្ពស់បើធៀបនឹងការបោះឆ្នោតនៅប្រទេសជាច្រើន។
សូមជម្រាបជូនផងដែរថា : ការបោះឆ្នោតនៅកម្ពុជានេះ ! ត្រូវបានអ្នកសង្កេតការណ៍ជាតិអន្តរជាតិ វាយតម្លៃថា មានសេរីភាព តម្លាភាព យុត្តិធម៌ ប្រជាពលរដ្ឋរីករាយក្នុងការចូលរួមបោះឆ្នោត នៅក្របខ័ណ្ឌទូទាំងប្រទេស៕
ដោយ ៖ សហការី