ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបររថយន្តធុនតូច និងរថយន្តដឹកដើមឬស្សី នៅគ្រាកំពុងធ្វើដំណើរស្របទិសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបររថយន្ត និងរថយន្តដឹកដើមឬស្សី បណ្ដាលឲ្យមានមនុស្សស្លាប់នេះ បានកើតឡើងនៅវេលាទាបភ្លឺ ឈានចូលថ្ងៃអង្គារ ៨កើត ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវកៅស៊ូ(ផ្សារក្រគរចុះទៅបឹងទន្លេសាប)ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននានាពីកន្លែងកើតហេតុ គេឃើញជនរងគ្រោះ(ស្លាប់)ឈ្មោះ ដួង ចន្ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពេទ្យធ្មេញ មានទីលំនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើដំណើរដោយរថយន្ត១គ្រឿងម៉ាក RAIZE ស៊េរីឆ្នាំ២០២៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV 2468 ធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់កន្លែងកើតហេតុបានជ្រុលបុករថយន្តធុនធំ ពីក្រោយពេញទំហឹងដែលកំពុងដឹកដើមឬស្សីច្រូងច្រាង បណ្ដាលឲ្យស្លាប់ភ្លាមៗបែបនេះ អ្នកបើកបររថយន្តដឹកដើមឬស្សីឃើញដូច្នេះ បើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ ។
ប្រភពព័ត៌មានបញ្ជាក់ទៀតថា រថយន្តដឹកដើមឬស្សីម៉ាក HIYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A 1280 បច្ចុប្បន្ន វត្ថុតាងរថយន្តទាំង២គ្រឿង ដែលរថយន្តធុនធំមានផ្ទុកដើមឬស្សីផងនោះ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ រក្សាទុកបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី។
សពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ប៉ឹម ពិន