ភ្នំពេញ ៖ សមាគមខ្មែរប្រចាំនៅប្រទេសអូស្ត្រាលី នូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េ ក្រោយបានចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានចេញសេចក្តីថ្លែងការណ៍ បានសន្និដ្ឋានយ៉ាងដូច្នេះថា «ការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តទៅស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ប្រកបដោយយុត្តិធម៌ សន្តិភាព តម្លាភាព និងបរិយាប័ន្ន»។
សេចក្តីថ្លែងការណ៍នេះ ក៏បានគូសបញ្ជាក់បន្ថែមថា «ការបោះឆ្នោតនាពេលនេះបង្ហាញអំពីឆន្ទៈ និងផលប្រយោជន៍ដ៏រឹងមាំ របស់ភាគីទាំងអស់ ក្នុងការស្វែងរកសន្តិភាព និងស្ថិរភាពក្នុងប្រទេស តាមរយៈការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍រួម៖
តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តាមរយៈក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ យើងខ្ញុំជាគណៈប្រតិភូមកពីសមាគមខ្មែរនៅប្រទេសអូស្ត្រាលី នូវែលសេឡង់ និង
សាធារណកូរ៉េ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល
ទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិ។
គណៈប្រតិភូបានសង្កេតមើលអំពីយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមតំបន់មួយចំនួន ស្ថិតក្នុងរាជធានីភ្នំពេញ
នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ នៅថ្ងៃដដែល យើងខ្ញុំបានចូលរួមក្នុងសន្និសីទកាសែតស្តីពីស្ថានការណ៍នៅ
កម្ពុជា ដែលរៀបចំដោយ គ.ជ.ប. ដែលអាចឱ្យយើងខ្ញុំបានយល់យ៉ាងស៊ីជម្រៅអំពីច្បាប់ស្តីពីការបោះឆ្នោត និង
ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ។ គណៈប្រតិភូបានកត់សម្គាល់ឃើញថា
គណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែងដណ្ដើមអាសនៈតំណាងរាស្ត្រចំនួន១២៥ ដោយ សេរីនិងយុត្តិធម៌។
ដោយបានចូលរួមជាមួយអ្នកសង្កេតការណ៍អន្តរជាតិផ្សេងទៀតមកពី ៦៥ប្រទេស គណៈប្រតិភូយើងខ្ញុំ បានចុះពិនិត្យការិយាល័យបោះឆ្នោតនៅទីតាំងផ្សេងៗគ្នា ស្ថិតក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ព្រមទាំងបាន សង្កេតមើលហិបឆ្នោត នៅមុនពេលដំណើរការបោះឆ្នោតចាប់ផ្ដើម។ ក្នុងអំឡុងពេលបោះឆ្នោត យើងខ្ញុំបានសង្កេត ឃើញថា ប្រជាពលរដ្ឋបានអញ្ជើញទៅការិយាល័យបោះឆ្នោតដោយសប្បាយរីករាយ និងបានបោះឆ្នោតប្រកបដោយ តម្លាភាពនិងសម្ងាត់។ ជាងនេះទៅទៀត យើងខ្ញុំបានសង្កេតឃើញថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅស្របតាម ច្បាប់បោះឆ្នោតនិងបទប្បញ្ញត្តិយ៉ាងខ្ជាប់ខ្ជួន។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា គ.ជ.ប. និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ បំពេញការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីធានានូវសុវត្ថិភាពនិងសន្តិសុខសម្រាប់អ្នកបោះឆ្នោត សមាជិកគណបក្ស នយោបាយ មន្ត្រីរៀបចំការបោះឆ្នោត និងអ្នកសារព័ត៌មាន ក៏ដូចជាអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ក្នុង អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត។
យើងខ្ញុំសូមបញ្ជាក់ថា ប្រទេសកម្ពុជាបានកំពុងស្ថិតក្នុងអន្តរការពីការផ្លាស់ប្ដូរយ៉ាងសន្សឹមៗនៃប្រជាសាស្ត្រ នយោបាយ ជាពិសេសយុវជនបានដើរតួនាទីយ៉ាងសកម្មក្នុងឆាកនយោបាយ និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ។ យើងបានសង្កេតឃើញថា យុវជនកម្ពុជាបានកំពុងទទួលបន្តវេនពីអ្នកជំនាន់មុនប្រកបដោយទំនុកចិត្ត ជាមួយនឹងការ ប្តេជ្ញាចិត្ត និងសេចក្តីប្រាថ្នាដ៏មុតមាំក្នុងការកសាងសង្គមមួយដ៏ត្រឹមត្រូវ និងការពារកេរ្តិ៍ដំណែលរបស់អ្នកជំនាន់មុន របស់ពួកគេ។
ការបោះឆ្នោតនាពេលនេះបង្ហាញអំពីឆន្ទៈ និងផលប្រយោជន៍ដ៏រឹងមាំរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការ ស្វែងរកសន្តិភាព និងស្ថិរភាពក្នុងប្រទេស តាមរយៈការពង្រឹងនីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យើងខ្ញុំសូមសន្និដ្ឋានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅព្រះរាជាណាចក្រកម្ពុជា
បានប្រព្រឹត្តទៅស្របតាមស្ដង់ដារជាតិនិងអន្តរជាតិ ប្រកបដោយយុត្តិធម៌ សន្តិភាព តម្លាភាព និងបរិយាប័ន្ន។ យើងមានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋកម្ពុជា និងគណបក្សនយោបាយទាំងអស់នៅកម្ពុជានឹងបន្តលើក កម្ពស់ ការពារ និងថែរក្សាសន្តិភាព នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ តាមរយៈកិច្ចពិភាក្សាបើកចំហ និងប្រកបដោយ ស្ថាបនា ដែលជាការត្រួសត្រាយផ្លូវសម្រាប់យុវជនជំនាន់ក្រោយបង្ហាញសមត្ថភាពប្រកបដោយភាពជឿជាក់សម្រាប់ ការអភិវឌ្ឍ និងរីកចម្រើន៕
ដោយ ៖ សហការី