ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបង្រៀនបើកបរ បើកមិនគោរពសិទ្ធិអាទិភាពបុកម៉ូតូសិស្សសាលា២នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់សិស្សសាលាពីរនាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបង្រៀនបើកបរ បើក ឆ្លងផ្លូវ មិនគោរពសិទ្ធិអាទិភាពបុកម៉ូតូពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទី ព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣   លើផ្លូវលេខ ៣១៥ ស្ថិតក្នុងភូមិ សួនថ្មី សង្កាត់ ព្រៃឆ្លាក់​ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាអ្នកបើកបររថយន្តមានឈ្មោះ យូ សារ៉ាន ភេទ ប្រុស អាយុ ៦៨ ឆ្នាំ មុខរបរ និវត្តន៍ជន រស់នៅភូមិ សាលាស្រុកចាស់ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើករថយន្តម៉ាក CAMRY ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ​ ២C.៨៥៩៧ខូចខាតយ៉ាងដំណំ។

ចំណែកអ្នករងរបួសមាន ឈ្មោះ វាត់ ចន្ធូ ភេទ ប្រុស អាយុ ១៨ មុខរបរ សិស្សនិងអ្នករួមដំណើរមានឈ្មោះ យ៉ន ទិត្យ​រស្មី ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ អញ្ជាញ ឃុំ ពោធិរាជ ស្រុក ស្វាយជ្រំ​ ខេត្ត ស្វាយរៀង បើកម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាកស្លាកលេខ ស្វាយរៀង ១Q.៧៤៦១ខូចខាតផ្នែកខាងមុខ។

តាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តបង្រៀនបើកបរ ដៃមង្គល មួយគ្រឿង ម៉ាក CAMRY ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ​ ២C.៨៥៩៧ដោយធ្វើដំណើរ បើកបរឆ្លងផ្លូវពីកើតទៅលិច មិនគោរពសិទ្ធិអាទិភាពក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាកស្លាកលេខ ស្វាយរៀង ១Q.៧៤៦១ជិះគ្នា២នាក់ក្នុងទិសដៅ ពីជើងទៅត្បូង យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ក្រោយមកអ្នករបួសទាំង២នាក់ត្រូវបានដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងនិងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖