ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងប៉េកាំងបញ្ចាក់ថា បាន អនុវត្តយ៉ាងតឹងរ៉ឹងនូវទណ្ឌកម្ម UN លើកូរ៉េខាងជើង ផ្ទុយពីការចោទប្រកាន់របស់លោកខាងលិច

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា កាលពីថ្ងៃទី ២៤ខែកក្កដា រដ្ឋាភិបាលចិនបានអះអាងថា ខ្លួនបានអនុវត្តយ៉ាងតឹងរ៉ឹងនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ប្រឆាំងនឹងកូរ៉េខាងជើង ជាការឆ្លើយតបទៅនឹងលិខិតមួយច្បាប់របស់ក្រុមប្រទេស G7 សហភាពអឺរ៉ុប (EU) និងបណ្ដាប្រទេសមួយចំនួនដែលជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់កូរ៉េខាងជើងពីការគេចរួចផុតពីទណ្ឌកម្ម តាមរយៈការប្រើប្រាស់ដែនទឹកចិន។
លិខិតមួយច្បាប់ផ្ញើទៅកាន់ឯកអគ្គរដ្ឋទូតចិនប្រចាំ UN លោក ចាង ជុន (Zhang Jun) កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏បានបង្ហាញការព្រួយបារម្ភផងដែរពីវត្តមានកប៉ាល់ដឹកប្រេងជាច្រើនគ្រឿង ដែលអាចនឹងប្រើប្រាស់ដែនទឹករបស់ចិនក្នុងតំបន់សមុទ្រ Sansha Bay ជាទីជម្រកសម្រួលដល់ការជួញដូរប្រេងឥន្ធនៈរបស់ពួកគេដែលជាប់ទណ្ឌកម្ម UN ទៅឱ្យកូរ៉េខាងជើង។
លិខិតនេះដដែលត្រូវបានចុះហត្ថលេខាដោយក្រុមប្រទេស G7 រួមមានសហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អុីតាលី ជប៉ុន និងចក្រភពអង់គ្លេស បូករួមជាមួយអូស្ត្រាលី នូវែលហ្សេឡង់ កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។ ក៏ប៉ុន្តែ អ្នកនាំពាក្យបេសកកម្មចិនប្រចាំ UN បានបញ្ជាក់ថា ចិនតែងតែងអនុវត្តយ៉ាងតឹងរ៉ឹងនូវដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិ។ អ្នកនាំពាក្យរូបនេះក៏បានបន្ថែមដែរថា ចិនជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តយ៉ាងពេញលេញនូវដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ ជាពិសេសពាក់ព័ន្ធនឹងការជំរុញឱ្យមានកិច្ចសន្ទនា ពង្រឹងកិច្ចខិតប្រឹងប្រែងការទូត និងលើកកម្ពស់ការផ្សះផ្សានយោបាយ។
ប្រតិកម្មរបស់ចិនឆ្លើយតបទៅនឹងលិខិតរបស់បណ្ដាប្រទេសលោកខាងលិច កើតមានឡើងចំពេលគណៈប្រតិភូជាន់ខ្ពស់ចិនត្រូវបានគេរាយការណ៍ថានឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនៅក្នុងសប្ដាហ៍នេះ៕ ដោយ៖ ធីរីណា

 

រូប​ថត​៖ AFP


ចែករំលែក៖