ខេត្តកណ្ដាល៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ ខេត្តកណ្ដាលមានករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា គឺនៅស្រុកកៀនស្វាយ និងក្រុងអរិយក្សត្រ បណ្ដាលឲឱ្យមនុស្ស២នាក់របួសធ្ងន់ និងម្នាក់រងរបួសស្រាល ។
យោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឱ្យដឹងថា នៅស្រុកកៀនស្វាយមានគ្រោះថ្នាក់ចរាចរណ៍១ករណី បណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ រវាងម៉ូតូនឹងអ្នកថ្មើរជើង ដែលកើតហេតុនៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ អ្នកបើកបរម៉ូតូមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិខ្មែរ ដែលបើកបរមានទិសដៅពីភ្នំពេញទៅអ្នកលឿង បើកម៉ូតូម៉ាកHONDA WAVE S ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1AR.-1301 ។ ចំណែកអ្នកថ្មើរជើងឈ្មោះ អាន ឌៀប ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលឈរចាំឆ្លងថ្នល់ពីលិចទៅកើត ។ មូលហេតុធ្វើឲ្យមានគ្រោះថ្នាក់កើតឡើងគឺបណ្តាលមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែសមិនប្រុងប្រយ័ត្ន បើកក្នុងស្ថានភាពល្បឿនលឿនមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។ ចំណែកអ្នកឈរចាំឆ្លងថ្នល់មិនមានភ្លើងបំភ្លឺផ្លូវដើម្បីឆ្លងថ្នល់ឡើយ ។
ករណីទី២នៅក្រុងអរិយក្សត្ររវាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឱ្យរបួសធ្ងន់ម្នាក់ឈ្មោះ តាយ វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ឈូកស ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកម៉ូតូម៉ាកHonda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1C-1476 ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាក វ៉េវ ពណ៌ប្រផេះ គ្មានផ្លាកលេខ ប្រភេទសណ្តោងរុឺម៉ក បើកបរដោយឈ្មោះ លី សុីលីន ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅភូមិចាស់ សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល របួសស្រាល កើតហេតុនៅត្រង់ចំណុចផ្សារខ្យង កំណាត់ផ្លូវបេតុង7NG ស្ថិតក្នុងភូមិចាស់ សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ មូលហេតុបណ្តាលមកពីអ្នកបើកបរម៉ូតូHonda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1C-1476 បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕
ដោយ៖ ស្អាងជ័យ