ព័ត៌មានទាន់ហេតុការណ៍៖

(គ.ជ.ប)​ នឹងប្រកាសលទ្ធផលបណ្ដោះអាសន្ន នៅថ្ងៃទី៥ខែសីហា ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ បើតាមប្រសាសន៍ លើកឡើងពី លោក ហង្ស ពុទ្ធា អ្នកពាក្យគ.ជ.ប បានផ្តល់បទសម្ភាស​ជាមួយ អ្នកសារព័ត៌មាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា : តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ នឹងប្រកាសលទ្ធផលបណ្ដោះអាសន្ន ក្នុងករណីគ្មានការបោះឆ្នោតសាជាថ្មី នៅថ្ងៃទី៥ខែសីហា ខាងមុខនេះ។ 

នៅក្នុងកិច្ចសម្ភាសនោះ លោក ហង្ស ពុទ្ធា បានបន្តថា ​បន្ទាប់ពីប្រកាសលទ្ធផល​បណ្តោះអាសន្ន​រួច គ.ជ.ប នឹងទុករយៈពេលមួយចំនួនសម្រាប់គ្រប់ភាគីពាក់ព័ន្ធអាចដាក់​ពាក្យ​ប្តឹង​ទៅគ.ជ.ប ឫក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ប្រសិនបើមាន គ.ជ.ប ឫក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញនឹងដោះស្រាយតាម​នីតិវិធីច្បាប់។ 

សូមបញ្ជាក់ថា : សម្រាប់លទ្ធផលផ្លូវការ ការបែងចែកអាសនៈ​ និងកំណត់ចំនួនបេក្ខជនជាប់ឆ្នោត (តាមករណីគ្មាន ឫមានបណ្តឹង និងករណីគ្មានការបោះឆ្នោតសាជាថ្មី) នឹងធ្វើឡើងនៅថ្ងៃទី៩ ខែសីហា រហូតដល់ថ្ងៃទី៤​ ខែកញ្ញា ឆ្នាំ២០២៣។

លើសពីនេះ ​លោកបន្តថា បច្ចុប្បន្ន គ.ជ.ប ​កំពុងមមាញឹក ទទួល និងបូក​តួលេខលទ្ធផល​បោះឆ្នោត ​នៅតាមរាល់ការិយាយល័យទូទាំង​ប្រទេសកម្ពុជា​ ដែលបានផ្ញើរមកកាន់គ.ជ.ប។

បើតាមគ.ជ.ប ចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧ ឆ្នាំ២០២៣ មាន​ចំនួនសរុប ជាង៨លាននាក់ ​ស្មើនឹង៨៤.៥៨ភាគរយ នៃប្រជាពលរដ្ឋមានឈ្មោះក្នុង​បញ្ជី​បោះឆ្នោត​ជាង ៩លាននាក់។ ផ្អែកតាមលទ្ធផលក្រៅផ្លូវ ​ការបោះឆ្នោតក្នុងអាណត្តិនេះ គណបក្សប្រជាជន​កម្ពុជា ទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥អាសនៈ។ 

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ក្នុងនាមជាអ្នកសម្របសម្រួលការងារអ្នក សង្កេតការណ៍ជាតិនិងអន្តរជាតិ បានសង្ខេបអំពីខ្លឹមសារនៃមតិសន្និដ្ឋានរបស់អ្នកសង្កេតការណ៍ជាតិនិង អន្តរជាតិថា “តាមការលើកឡើងរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ សុទ្ធតែបានលើកឡើងនិងអះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មាន អំពើហិង្សា និងដោយសន្តិវិធី។ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ប្រជាជនកម្ពុជា ជាពិសេស គ.ជ.ប. បានរៀបចំដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ រលូន និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ពោលគឺប្រកបដោយសន្តិវិធី ត្រឹមត្រូវ មានតម្លាភាព មិនមានការបំភិតបំភ័យ និងគ្មានការប្រកាន់និន្នាការ នយោបាយ។ សេចក្តីអះអាងទាំងឡាយនោះសបញ្ជាក់ថា កម្ពុជាមានភាពចាស់ទុំនិងភាពម្ចាស់ការក្នុងការរៀបចំ ដំណើរការនៃការបោះឆ្នោតរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈខ្ពស់”។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន តំណាងអ្នកសង្កេតការណ៍ជាតិ លោក នង ប៊ុនថេង នាយកអង្គការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ លោក ឡិប វុទ្ធី ប្រធានអង្គការសហការការពារសម្បត្តិធនធានធម្មជាតិ និងលោកស្រី ប្រុស គឹមសៀក ប្រធានសមាគមនិស្សិត បញ្ញវន្តកម្ពុជា-អាស៊ាន បានបង្ហាញអំពីចំណាប់អារម្មណ៍ថា “ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០២៣នេះ បាន ប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី យុត្តិធម៌ និងមានតម្លាភាព។

អ្នកសង្កេតការណ៍មកពីបណ្ដាញអង្គការមិនមែនរដ្ឋាភិបាលចិនសម្រាប់សហប្រតិបត្តិការអន្តរជាតិ (CNIE) បានសន្និដ្ឋានថា “ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានដំណើរការទៅដោយសន្តិវិធី សេរី ត្រឹមត្រូវ មានតម្លាភាព ស្របតាមស្ដង់ដារអន្តរជាតិ រួមមានភាពត្រឹមត្រូវ សន្តិវិធី តម្លាភាព និង បរិយាប័ន្ន“។ ទន្ទឹមនឹងនេះ អ្នកសង្កេតការណ៍មកពីសភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី ក៏បានលើកឡើងថា “នៅថ្ងៃបោះឆ្នោត ពុំឃើញមានអំពើហិង្សា ឬបណ្តឹងតវាពីអ្នកបោះឆ្នោត បេក្ខជនគណបក្សនយោបាយ ភ្នាក់ងារ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ ឬអ្នកសារព័ត៌មានណាមួយឡើយ ហើយក៏មិនមានឃើញកើត មានសកម្មភាពបង្ខិតបង្ខំ គំរាមកំហែង ឬទិញសន្លឹកឆ្នោតឡើយ»៕

ដោយ : សហការី


ចែករំលែក៖