ព័ត៌មានទាន់ហេតុការណ៍៖

ហូបក្តាមសមុទ្ររួចសង្ស័យពុលស្រាប់តែ ក្អួតចង្អោរ ទន់ដៃទន់ជើង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរកក្តាមសមុទ្របានយកមកចម្អិនធ្វើម្ហូប ហើយពេលហូបហើយស្រាប់តែកើតមានអាការក្អួតចង្អោរ ទន់ដៃទន់ជើង រាកសង្ស័យតែពុលក្តាម ។ 

    ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅផ្ទះជួលក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    ជនរងគ្រោះមាន ឈ្មោះ ភី អ៊ុង ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរទិញលក់អេតចាយ មានប្រពន្ធឈ្មោះ ម៉ូ ឃឿន អាយុ៥២ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅផ្ទះជួលចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

    បើតាមការបំភ្លឺពីស្ត្រីជាប្រពន្ធបានឱ្យដឹងថា គាត់ទាំង២នាក់ប្តីប្រពន្ធ ខណៈដែលទៅចូលរួមបោះឆ្នោតនៅឯស្រុកកំណើតក៏ឆ្លៀតនាំកូនចៅចេញទៅដាក់លបយកក្តាម  ពេលបានក្តាមហើយ ២នាក់ប្តីប្រពន្ធក៏យកក្តាមដែលរកបាននោះវិលត្រឡប់មកផ្ទះជួលវិញនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ហើយក៏មិនទាន់ចម្អិនធ្វើម្ហូបដែរ។ លុះដល់ព្រឹកឡើងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នេះគាត់ស្ងោរចម្អិនក្តាមរួច ប្តីរបស់គាត់ក៏បានហូបបាយមុន ចំណែកគាត់នៅរៀបចំ សម្អាតផ្ទះ។ គ្រាន់តែប្តីរបស់គាត់ហូបក្តាមរួច នៅវេលាម៉ោងខាងលើស្រាប់តែកើតមានអាការក្អួតចង្អោរ វិលមុខ ទន់ដៃ ទន់ជើង រាក សង្ស័យតែពុលក្តាម ព្រោះពុំបានហូបអ្វីក្រៅពីក្តាមស្ងោរនោះទេ។

   សភាពជំងឺរបស់ជនរងគ្រោះកាន់តែខ្លាំងឡើងៗ ភ័យស្លន់ស្លោ ផ្អើលដល់អ្នកជិតខាង ស្នើសុំអន្តរាគមន៍ពីក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះអាយុជីវិត ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖