ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍ទេសចរណ៍កំពង់ឃ្លាំង មានប្រជាជនជាង ៨៥% ប្រកបរបរនេសាទ និង១៥% ទៀតប្រកបរបរ ធ្វើចម្ការសណ្តែកនិងកែច្នៃអនុផលនេសាទ

ចែករំលែក៖

ខេត្តសៀមរាប ៖ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានអោយដឹងថា សហគមន៍ទេសចរណ៍កំពង់ឃ្លាំងស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មានចំងាយប្រមាណ ៤០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ប្រជាជនជាង ៨៥% នៃប្រជាជនសរុបក្នុងឃុំ ប្រកបរបរនេសាទ និង១៥% ទៀតប្រកបរបរបន្ទាប់បន្សំដូចជាការចិញ្ចឹមត្រី ធ្វើចំការសណ្តែក កែច្នៃអនុផលនេសាទតាមរយៈការធ្វើផ្អក ប្រហុក ត្រីឆ្អើរ ត្រីងៀត និងអាជីវកម្មសេវាកម្មទេសចរណ៍ ។ 

ផ្អែកតាមលក្ខណៈភូមិសាស្ត្រ ក្រៅអំពីសក្តានុពលខាងនេសាទ ឃុំកំពង់ឃ្លាំងទាំងមូលនៅមានសក្តានុពលខាងដ៏សំខាន់មួយទៀតគឺខាងវិស័យទេសចរណ៍ ។

សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានបំណងចង់សិក្សាស្វែងយល់អំពីបឹងទន្លេសាប ពីជីវភាពរស់នៅរបស់ប្រជាជននៅតាមមាត់បឹងទន្លេសាប ការធ្វើផ្អក ប្រហុក ត្រីឆ្អើរ…នៅពេលដែលភ្ញៀវទេសចរធ្វើដំណើរមកដល់សហគមន៍កំពង់ឃ្លាំងនោះនឹងអាចជ្រាបច្បាស់ពីរបៀបរបបនៃការរស់នៅរបស់ប្រជាជន និងផ្តិតយកនូវរូបភាពអំពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងសហគមន៍ទាំងនៅរដូវប្រាំង និងរដូវវស្សា ។

សូមជម្រាបថាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង មានបម្រេីសេវាកម្មដូចជា៖

– សេវាកម្មកាណូតទេសចរណ៍ 

-សេវាកម្មទូកអំុទស្សនាក្នុងភូមិ និងក្នុងព្រៃលិចទឹក

-សេវាកម្មផ្ទះស្នាក់ ម្ហូបអាហារ និងភេសជ្ជះ៕

ដោយ៖ សូរិយា


ចែករំលែក៖