ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្ត Ford Ranger យ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាក​ ford ranger មួយគ្រឿងក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលពេញទំហឹង​ បណ្ដាលឱ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ រីឯរបាំងថ្មបានវៀចអស់មួយកង់​ ។ 

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងវេលាម៉ោងប្រមាណ៥ព្រឹក​ ថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ​២០២៣​ នៅចំណុចក្បែរស្តុបចំការមន​ តាមបណ្ដោយផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅពេលកេីតហេតុនោះ​ គេឃេីញរថយន្តម៉ាក​ Ford Ranger ពណ៌ប្រផេះ​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 2BI-3669 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង​ ទិសដៅពីកេីតមកលិចក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលក្បាលរថយន្តពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ រីឯរបាំងថ្មបានវៀចអស់មួយកង់ផងដែរ​ សំណាងល្អក្នុងហេតុការណ៍នេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។ 

      ក្រោយកេីតហេតុភ្លាមៗ​ គេសង្កេតឃេីញមានបុរសម្នាក់បេីកទ្វារចេញពីរថយន្តបង្ក​ រួចព្យាយាមគេចខ្លួនចេញពីកន្លែងកេីតហេតុបាត់ស្រមោល​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់​ និងសហការជាមួយមន្ត្រីជំនាញចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖