ភ្នំពេញ៖ អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៍មាននៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៣ នេះ ថា រយៈពេល៧២ម៉ោង បន្ទាប់ពីការប្រកាសលទ្ធ ផលបណ្តោះអាសន្ននៃការបោះឆ្នោតបណ្តោះអាសន្នក្រុមប្រឹក្សាធម្មនុញ្ញនិងគ.ជ.ប. មិនមានទទួលបានការប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ទេ។
លោក សោម សូរីដាបន្តថា ហេតុដូចនេះគ.ជ.ប.នឹងធ្វើការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប្រកាសអំពីការកំណត់បែង ចែកអាសនៈសម្រាប់គណបក្សនយោបាយដែលឈរ ឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧និងការប្រកាសបេក្ខជនជាប់ ឆ្នោតជាតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៣ចាប់ពីវេលាម៉ោង ៩ព្រឹកតទៅ ។ ការប្រកាសលទ្ធផលបោះឆ្នោត មាន៣ដំណាក់កាលគឺ លទ្ធផលបឋម,លទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ។
អគ្គលេខាធិការរង លោក សោម សូរីដា បញ្ជាក់ផងដែរថា បន្ទាប់ពី គ.ជ.ប. ប្រកាសលទ្ធផលទាំងបីខាងលើរួច គ.ជ.ប នឹងធ្វើរបាយការណ៍ថ្វាយព្រះមហាក្សត្រ ព្រឹទ្ធសភា អគ្គលេខាធិកាដ្ឋាន ព្រឹទ្ធសភា,រដ្ឋសភាទីស្តីការគណៈរដ្ឋមន្ត្រី នឹងទៅគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត។
សូមជម្រាបថា នៅថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ គ.ជ.ប.នឹងធ្វើសន្និបាតបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង៕
ដោយ៖ សូរិយា