ព័ត៌មានទាន់ហេតុការណ៍៖

របួសដោយការរញ្ជួយដីនៅភាគខាងកើតប្រទេសចិន

ចែករំលែក៖

នៅព្រឹកថ្ងៃទី ៦ខែសីហា មានការរញ្ជួយដីបានកើតឡើងនៅភាគខាងកើតប្រទេសចិន បង្កក្តីបារម្ភយ៉ាងខ្លាំងពីការបាក់រំលំអគារ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់២១នាក់បានរងរបួស និងអគារ១២៦ខ្នងបានដួលរលំដោយសារតែគ្រោះរញ្ជួយដី ៥.៥រ៉ិចទ័រ ដែលបានវាយប្រហារលើខេត្តសានទុង Shandong នៅថ្ងៃអាទិត្យ ទី៦ ខែសីហានេះ។
គ្រោះរញ្ជួយដីខាងលើត្រូវបានគេរាយការណ៍ថា មានជម្រៅរញ្ជួយទៅក្នុងដី ១០គីឡូម៉ែត្រ និងបានអង្រួនតំបន់ ពីងយ័ន (Pingyuan) នៃទីក្រុង ដេចូវ (Dezhou) ក្នុងខេត្តសានទុង នៅម៉ោង២ៈ៣៣នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យនេះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ក្រុមហ៊ុនផ្លូវដែក China Railway Group ក៏បានផ្អាកប្រតិបត្តិការផ្លូវរថភ្លើងរបស់ខ្លួន ក្នុងនោះរួមមានទាំងខ្សែផ្លូវដែកភ្ជាប់ពីទីក្រុងប៉េកាំងទៅកាន់ទីក្រុង និងពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងកៅលន់ (Kowloon)ដោយសារតែគ្រោះរញ្ជួយដីនេះផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ CENC


ចែករំលែក៖