ព័ត៌មានទាន់ហេតុការណ៍៖

លោកហួត ហៃ ព្រមានដក មន្ដ្រី ភ្នាក់ងារដែលបំពេញការងាររឿងសំរាម នៅសង្កាត់ទាំង១០៥ នៅរាជធានីភ្នំពេញ ចោលប្រសិនបើនៅតែអសកម្មការងាររបស់ខ្លួនបែបនេះទៀត

ចែករំលែក៖

ភ្នំពេញ៖ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានព្រមានដកមន្ដ្រី ភ្នាក់ងារដែលបំពេញការងាររឿងសំរាម សង្កាត់ទាំង១០៥ នៅរាជធានីភ្នំពេញ ចោលប្រសិនបើនៅតែអសកម្មការងារ របស់ខ្លួនបែបនេះទៀត ។

   លោកបានព្រមានបែបនេះ ក្នុងកិច្ចប្រជុំជាបន្ទាន់ជាមួយមន្ដ្រីភ្នាក់ងារទទួលបន្ទុកសំរាម តាមសង្កាត់ទាំង១០៥និងមន្ត្រីខណ្ឌទាំង១៤ និងក្រុម ហ៊ុនប្រមូលសំរាម ចំនួន៣ នៅព្រឹកថ្ងៃទី០៨ សីហា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ។ 

    លោក ហួត ហៃ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញ មន្ដ្រីខណ្ឌទទួលបន្ទុកការងារ សំរាម មន្ដ្រីភ្នាក់ងារ សង្កាត់និងក្រុមហ៊ុនប្រមូលសំរាមទាំង៣ក្នុងរាជធានីភ្នំពេញដែលជាភ្នាក់ងារសំអាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ មកដុះក្អែលចេញម្ដងរឿង  ការពង្រឹងការងារសំអាត ប្រមូល និងដឹកជញ្ជូនសំរាម ក្នុងរាជធាភ្នំពេញឲ្យកាន់តែមានប្រសិទ្ធិភាពតាមសេចក្តីណែនាំស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។

     លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ មានតួអង្គ៣សំខាន់ដែលពាក់ពន្ធ័ទៅនឹងការងារសំរាមនេះគឺទី១៖ប្រជាពលរដ្ឋអ្នកផលិតសំរាម,ទី២៖ក្រុមហ៊ុនប្រមូលសំរាមនិងទី៣៖ទីលានចាក់សំរាមប្រកបដោយសុវត្ថិភាព។

      លោកបានបន្ដថា៖  កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានខិតខំកែ លំអរទៅលើការទុកដាក់,ប្រមូលនិងដឹកជញ្ជូនសំរាមចេញក្រៅក្រុងពីមានតែមួយក្រុមហ៊ុន រហូតដល់ ៣ក្រុមហ៊ុនប្រមូលសំរាមដោយចែកជាតំបន់ទទួលខុសត្រូវដាច់ពីគ្នាដែលធ្វើឲ្យការប្រមូលសំរាមទទួលបានលទ្ធផលល្អប្រសើរនាពេល បច្ចុប្បន្ន។

    លោកបានបញ្ជាក់ថា៖ ភ្នាក់ងារអនាម័យ មាន២នាក់ក្នុង១សង្កាត់ដូច្នេះ១០៥ សង្កាត់ ស្មើ ២១០ នាក់ សុីប្រាក់ឧបត្ថមជាបុគ្គលិកជាប់កិច្ចសន្យា។ កន្លងមក ក្រោយពីមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមបានយ៉ាងល្អមក ភ្នាក់ងារអនាម័យហាក់មិនសូវមានសកម្មភាព មិនបានអនុវត្តតាមតួនាទីភារកិច្ច ដែលមានស្រាប់ធ្វើការងារនោះ ឲ្យបានល្អនៅឡើយ។.ដូច្នេះថ្ងៃនេះទើបរដ្ឋបាលរាជធានីភ្នំពេញ បានកោះអញ្ជើញអស់លោកដែលជា ភ្នាក់ងារ អនាម័យមកប្រជុំម្ដង ធ្វើការស្ដីបន្ទោស រាល់ការងារដែល អសកម្មកន្លងមក ដើម្បីពង្រឹងពីការអនុវត្តទួនាទីភារកិច្ចឲ្យ បានល្អ លើសពីនោះត្រូវបំពេញទួនាទីរដ្ឋបាលតាមការប្រគល់ភារកិច្ចរបស់ចៅសង្កាត់ ឲ្យមានប្រសិទ្ធភាព ។ 

      លោកបានបន្តថា៖ ភ្នាក់ងារដែលបំពេញការងាររឿងសំរាមនេះ ត្រូវ ពន្យល់ប្រាប់ប្រជាពលរដ្ឋឲ្យបាន យល់ច្បាស់អំពីតួនាទី ក្នុងការទុក ដាក់សំរាមឲ្យបានត្រឹមត្រូវ ត្រូវបញ្ចេញសំរាមតាមម៉ោងពេលកំណត់ និងត្រូវបង់ថ្លៃសំរាមទៅតាមការកំណត់របស់សេចក្តីជូនដំណឹង នៃរដ្ឋបាលរាជធានីភ្នំពេញ ហើយភ្នាក់ងារប្រមូលសំរាមត្រូវធ្វើរបាយការណ៏មករដ្ឋបាលរាជធានីភ្នំពេញឲ្យបានទៀងទាត់រយះពេលមួយខែម្តង ហើយភ្នាក់ងារនេះត្រូវជូនដំណឹង ដល់ប្រជាពលរដ្ឋពីកាតព្វកិច្ចបង់ថ្លៃសំរាមឲ្យបានទៀងទាត់ផងដែរព្រោះពេលនេះដល់ពេលអនុវត្តការផាកពិន័យហើយយើងមិនគួរបណ្តែតបណ្តោយតទៅទៀតឡើយចំពោះអ្នកដែលមិនអើពើលើការបង់ថ្លៃសំរាម។.    

    លោកហួត ហៃ បានប្រមានថា៖ ភ្នាក់អសកម្មនឹងការងារគួរដកចេញ ឬរំសាយភ្នាក់ងារនោះ ចោលតែម្តងដើម្បីឲ្យការងារនេះកាន់តែមានប្រសិទ្ធិភាពទៅថ្ងៃមុខ ៕

ដោយ ៖ សំរិត


ចែករំលែក៖