ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាសជិត១០០នាក់ បាននាំគ្នាទៅប្រមូលផ្តុំនៅតុលាការ ដើម្បីបំភ្លឺបន្ថែម

ចែករំលែក៖

ភ្នំពេញ ៖ ដល់ពេលវេលា ចំពោះអ្នកប្រព្រឹត្តអំពើបាប រកស៊ីមិនស្មោះត្រង់ បោកប្រាស់ប្រជាពលរដ្ឋ រំលោភទំនុកចិត្ត ឆបោក ទីបំផុតកម្មពៀរវេរានេះ មិនរង់ចាំដល់ជាតិក្រោយឡើយ។ 

ជាក់ស្ដែង នៅរសៀលនេះមាន ប្រជាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាសជិត១០០នាក់ បាននាំគ្នាទៅប្រមូលផ្តុំនៅតុលាការ ដើម្បីបំភ្លឺបន្ថែម ក្រោយពួកគេបានចាញ់បោកក្រុមហ៊ុនមួយនេះ! 

សូមបញ្ជាក់ថា ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ!

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ : អ្នកឧកញ៉ា ហុី គឹមហុង និងអង្គរក្ស ១៣នាក់ បញ្ជូនទៅតុលាការហើយនៅរសៀលនេះ

សូមជម្រាបជូនថា : អ្នកឧកញ៉ា ហុី គឹមហុង ម្ចាស់ដីឡូត៍ពិភពដីមាស និងអង្គរក្សចំនួន ១៣នាក់ ត្រូវបានសមត្ថកិច្ចនគបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៨ខែសីហា ឆ្នាំ ២០២៣ ។ នេះបើតាមការបញ្ជាក់ ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ អគ្គស្នងការរងនគរបាលជាតិ  ស្នងការរាជធានីភ្នំពេញ នៅមុននេះបន្តិច។ 

សូមបញ្ជាក់ថា, អ្នកឧកញ៉ា ហុី គឹមហុង ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចុះឡោមព័ទ្ធ និងចាប់ឃាត់ខ្លួន នៅកន្លែងស្នាក់ការរបស់ខ្លួនស្ថិតក្នុងខណ្ឌព្រែកព្នៅ។ ដោយឡែកអង្គរក្សចំនួន ១៣ រូបទៀត ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាព រារាំង និងបង្កហិង្សាមកលើសមត្ថកិច្ចពេលកំពុងចុះអនុវត្តដីកា របស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលម្សិលមិញ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា។ 

យោងតាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលខេត្តកំពតថា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសចំនួន ៦៧៨បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ដុល្លារ (ដប់ពីរលានប្រាំមួយរយសែសិបប្រាំពីរពាន់បីរយហាសិបដុល្លា)។

ចំពោះករណីនៅរាជធានីភ្នំពេញ គេពុំទាន់ដឹងថា ក្រុមហ៊ុនពិភពដីមាស របស់អ្នកឧកញ៉ា ហ៊ី គឹមហុង បោកប្រាស់ប្រជាពលរដ្ឋ ចំនួនទឹកប្រាក់ប៉ុន្មាននោះឡើយទេ ៕

ដោយ ៖ សិលា


ចែករំលែក៖