ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា ហុី គឹមហុង និងអង្គរក្ស ១៣នាក់ បញ្ជូនទៅតុលាការហើយនៅរសៀលនេះ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកឧកញ៉ា ហុី គឹមហុង ម្ចាស់ដីឡូតិ៍ពិភពដីមាស និងអង្គរក្សចំនួន ១៣ នាក់ ត្រូវបានសមត្ថកិច្ចនគបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ។ នេះបើតាមការបញ្ជាក់ ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ អគ្គស្នងការរងនគរបាលជាតិ  ស្នងការរាជធានីភ្នំពេញ ។ 

សូមបញ្ជាក់ថា, អ្នកឧកញ៉ា ហុី គឹមហុង ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចុះឡោមព័ទ្ធ និងចាប់ឃាត់ខ្លួន នៅកន្លែងស្នាក់ការរបស់ខ្លួនស្ថិតក្នុងខណ្ឌព្រែកព្នៅ។ ដោយឡែកអង្គរក្សចំនួន ១៣រូបទៀត ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាព រារាំង និងបង្កហិង្សាមកលើសមត្ថកិច្ចពេលកំពុងចុះអនុវត្តដីកា របស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលម្សិលមិញ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា។ 

យោងតាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលខេត្តកំពតថា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសចំនួន ៦៧៨បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ដុល្លារ (ដប់ពីរលានប្រាំមួយរយសែសិបប្រាំពីរពាន់បីរយហាសិបដុល្លារ)។

ចំពោះករណីនៅរាជធានីភ្នំពេញ គេពុំទាន់ដឹងថា ក្រុមហ៊ុនពិភពដីមាស របស់អ្នកឧកញ៉ា ហ៊ី គឹមហុង បោកប្រាស់ប្រជាពលរដ្ឋ ចំនួនទឹកប្រាក់ប៉ុន្មាននោះឡើយទេ ៕

 

ដោយ ៖ សិលា


ចែករំលែក៖