ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ធំបង្ក្រាបគ្រឿងញៀនមួយករណីបណ្ដាលឲ្យបុរសម្នាក់ស្លាប់,ពេលនេះក្រុមគ្រួសារជន រងគ្រោះទាមទាររកយុត្តិធម៌

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រួសារជនរងគ្រោះទម្លាយរឿងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តកំពង់ធំ១ក្រុមបានធ្វើសកម្មភាពដេញចាប់ក្រុមអ្នកសេពគ្រឿងញៀនមានគ្នា ៥-៦ នាក់។ ក្រោយពីដេញចាប់ក្រុមអ្នកសេពគ្រឿងញៀនបានមួយចំនួន ហើយមិនបានមួយដង្ហើមចង្រិតផងត្រូវបានដោះលែងទៅវិញតាមទម្លាប់នីតិវិធីដោះស្រាយរបស់សមត្ថកិច្ចដោយប្រើរូបមន្ដ រំលោះយកមនុស្សមកវិញ។ 

ដោយឡែកជនរងគ្រោះម្នាក់ឈ្មោះ ធា ថា ហៅ បាក់ អាយុ ២៥ឆ្នាំ បានរត់ប្រាសអាយុយករួចខ្លួន តែកម្ម អកុសលត្រូវសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តកំពង់ធំដេញរហូតធ្លាក់ទឹកបោកក្បាលនិងដើមឈើស្លាប់ បាត់សាកសពជាច្រើនថ្ងៃទើបរកឃើញសាកសពក្នុងសភាពហើមស្អុយ មើលស្ទើរពុំយល់។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចអូរអង្គរ កាលពីថ្ងៃព្រហស្បតិ៍ទី ៣ខែសីហាឆ្នាំ ២០២៣ ស្ថិតនៅក្នុងភូមិថ្មី ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

បើយោងតាមសម្ដីរបស់ប្រពន្ធជនរងគ្រោះ ឈ្មោះ ម៉ៅ សាខន អាយុ ៣៤ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាង លើបានរៀបរាប់ថា ដោយសារតែជីវភាពរបស់ខ្លួនមានភាពខ្សត់ខ្សោយ ម្យ៉ាងប្ដីដែលស្លាប់ទៅហើយត្រូវបានគេទុកចោលផ្ទាល់ដី ហាលថ្ងៃ ហាលភ្លៀង ដូចសត្វធាតុ។ដោយមើលឃើញសភាពសាកសពហើមស្អុយមើលពុំ យល់ក៏សម្រេចចិត្តមិនស្ដី មិនតប ខាំមាត់សង្កត់ចិត្តដើម្បីយកឱកាសធ្វើបុណ្យឱ្យខ្មោចប្ដីសិន ពេលដែលគេសួរថា បញ្ចប់ត្រឹមហ្នឹង ឬមួយតទៀត។

ប្រពន្ធជនរងគ្រោះបន្ដថា “ប្ដីរបស់ខ្ញុំស្លាប់ដោយសារតែសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនធ្វើឲ្យស្លាប់ !ខ្ញុំមិនជឿថាប្ដីរបស់ខ្ញុំលោតទឹកបុកក្បាលនិងដើមឈើស្លាប់នោះទេ។ ដោយសង្ស័យថាមានគេវ៉ៃពីក្រោយទើបបណ្ដាលឲ្យបាក់កជាំខ្មៅនិងជាំដើមទ្រូងទើបគាត់ស្លាប់”។

យោងតាមការសម្ភាសន៍ប្រពន្ធជនរងគ្រោះរៀបរាប់ទៀតថា បងម្នាក់ទៀតក៏ត្រូវបានគេដេញដូចគ្នា ប៉ុន្តែគាត់បានលោតទឹកហែលឆ្លងអូរដល់ត្រើយម្ខាង ក្រឡេកមកមើលប្អូនឃើញប្រកាច់លើច្រាំង រួចរមៀលធ្លាក់ទឹកបាត់មិន ឃើញងើបពីក្នុងទឹកមកវិញសោះ។

លោក វណ្ណៈ សុភានិត អភិបាលស្រុកប្រាសាទបល្ល័ង្គ និយាយថា លោកក្ដាប់មិនទាន់បានទេ គ្រាន់តែដឹងថាពិតជាមានករណីសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនចុះបង្រ្កាបពិតមែន។

លោក សោម សាវ៉ាត អធិការស្រុកប្រាសាបល្ល័ង្គថ្លែងថា លោកបានដឹងរឿងនេះក្រោយកើតហេតុ៣ថ្ងៃ ខណៈគេស្រង់សាកសពពីទឹក។ លោកបានចុះធ្វើកោសលវិច្ច័យដោយមានគ្រូពេទ្យផង។ ឆ្លងកាត់ការ ពិនិត្យឃើញថាជនរងគ្រោះបាក់កក្នុងទឹក។ លោកថា មិនអាចនិយាយអ្វីឲ្យលើសនឹងបានទេដោយសារគ្មានសាក្សីបំភ្លឺ ។

ជាចុងក្រោយប្រពន្ធជនរងគ្រោះសំណូមពរដល់ស្នងការនគរបាលខេត្តកំពង់ធំនិងប្រព័ន្ធតុលាការជួយស្រាវជ្រាវបទល្មើសជាក់ស្ដែងដើម្បីរកយុត្តិធម៌ឲ្យប្ដីគាត់ផង៕

ដោយ៖ សូរិយា


ចែករំលែក៖