ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ ប.ស.ស ៖​ រដ្ឋាភិបាលថ្មីបន្តបង្កើនការអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ

ចែករំលែក៖

ភ្នំពេញ៖ ​មន្រ្តី​ជាន់ខ្ពស់​បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)​ បានថ្លែង​ថា៖​ បើទោះបីជាត្រូវមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មីនាពេលអនាគតក៏ដោយ គោលនយោបាយផ្តល់ប្រាក់​ឧបត្ថម្ភ​ជូនដល់ស្រ្តីមានផ្ទៃពោះ រហូតកូនអាយុក្រោម ២ឆ្នាំ រាជរដ្ឋាភិបាលថ្មីនៅតែបន្តអនុវត្ត ​ដើម្បីលើក​កម្ពស់​សុខុមាលភាពមាតា​ និងកុមារតូច។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ ការផ្តល់ប្រាក់​ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ​ និងកូន​អាយុក្រោម​ ២ឆ្នាំនេះ ​គឺជាគោល​នយោបាយ​របស់​រាជរដ្ឋា​ភិបាល​ ដែលកើតចេញពីកម្មវិធីគោលនយោបាយ​របស់​គណបក្សប្រជាជនកម្ពុជា​ ក្នុងការចូលរួម​លើកកម្ពស់​សុខុមាលភាពមាតា​ និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំង​ជំរុញការលូតលាស់ទាំងកាយសម្បទា​ និងបញ្ញាស្មារតី។

លោកអ្នកនាំពាក្យរូបនេះ​ បានថ្លែងបន្តថា កម្មវិធីនេះ នឹងបន្តអនុវត្ត ក៏ដូចជាគោលនយោបាយផ្សេងទៀតពិសេសកសាង​ប្រព័ន្ធ​សន្តិសុខសង្គមដ៏រឹងមាំមួយដែលនឹងធានាបាននូវសន្តិសុខប្រាក់ចំណូល រួមចំណែកកាត់​បន្ថយ​ភាពក្រីក្រ ​និងលើកកម្ពស់ស្ថិរភាពសង្គម។

សូមជម្រាបថា​ ​ស្រី្តដែលអាចទទួលបានប្រាក់ឧបត្ថម្ភទាំងនេះ​ត្រូវ​តែ​ជា​កម្មកនិយោជិតជាស្រ្តី ដែល​ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ​និងមានសញ្ញាតិខ្មែរ, ជាមន្រ្តីរាជការ​ក្នុងក្របខណ្ឌ​មុខងារសាធារណៈ ដែលបម្រើការងារតាមក្រសួង​ ស្ថាប័ននៅថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ដែលស្ថិត​ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ​និងជាមន្រ្តីកម្មសិក្សា និង​មន្រ្តីជាប់កិច្ចសន្យាដែលបម្រើការងារនៅ​តាម​ក្រសួង ​ស្ថាប័ន ​អង្គភាព ​និង​ថ្នាក់​ក្រោម​ជាតិដែល​មាន​ការ​ទទួលស្គាល់​ដោយ​ក្រសួងមុខងារសាធារណៈ។ 

គួរបញ្ជាក់ថា​​ ពាក់ព័ន្ធគោលនយោបាយនេះដែរ ប្រជាពលរដ្ឋដែលកំពុងពពោះ និងមួយចំនួនផ្សេងទៀត​ទើប​សម្រាលកូនរួច​ កំពុងរងចាំបើកប្រាក់​ឧបត្ថម្ភ​នៅទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម បានថ្លែង​អំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះស្ដ្រីមានផ្ទៃពោះ៕

ដោយ​៖ សហការី​


ចែករំលែក៖