ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានថ្លែងថា៖ បើទោះបីជាត្រូវមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មីនាពេលអនាគតក៏ដោយ គោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីមានផ្ទៃពោះ រហូតកូនអាយុក្រោម ២ឆ្នាំ រាជរដ្ឋាភិបាលថ្មីនៅតែបន្តអនុវត្ត ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីកម្មវិធីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបន្តថា កម្មវិធីនេះ នឹងបន្តអនុវត្ត ក៏ដូចជាគោលនយោបាយផ្សេងទៀតពិសេសកសាងប្រព័ន្ធសន្តិសុខសង្គមដ៏រឹងមាំមួយដែលនឹងធានាបាននូវសន្តិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។
សូមជម្រាបថា ស្រី្តដែលអាចទទួលបានប្រាក់ឧបត្ថម្ភទាំងនេះត្រូវតែជាកម្មកនិយោជិតជាស្រ្តី ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងមានសញ្ញាតិខ្មែរ, ជាមន្រ្តីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈ ដែលបម្រើការងារតាមក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងជាមន្រ្តីកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យាដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន អង្គភាព និងថ្នាក់ក្រោមជាតិដែលមានការទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ។
គួរបញ្ជាក់ថា ពាក់ព័ន្ធគោលនយោបាយនេះដែរ ប្រជាពលរដ្ឋដែលកំពុងពពោះ និងមួយចំនួនផ្សេងទៀតទើបសម្រាលកូនរួច កំពុងរងចាំបើកប្រាក់ឧបត្ថម្ភនៅទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះស្ដ្រីមានផ្ទៃពោះ៕
ដោយ៖ សហការី