ខេត្តព្រៃវែង៖ ស្ត្រីម្នាក់ត្រូវបានរថយន្តមួយគ្រឿងដែលបើកស្របទិសគ្នាបុកពីក្រោយហើយកិនបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត ខណៈជិះម៉ូតូបត់ឆ្លងផ្លូវលើបណ្ដោយផ្លូវជាតិលេខ១១ ត្រូវបានកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ចុះអន្តរាគមន៍ធ្វើការវាស់វែង និងស្រាវជ្រាវស្វែងរកម្ចាស់រថយន្តមកដោះស្រាយតាមនីតិវិធី ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង០៥នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចមុខផ្ទះតាហេង លើផ្លូវជាតិលេខ ១១ ស្ថិតក្នុងភូមិព្រែកខ្សាយជើង ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ខែក ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិប្រាសាទលិច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ដោយឡែកជនបង្កជាម្ចាស់រថយន្តនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
គួរបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានបើកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត1B.5149 ឆ្លងថ្នល់ក្នុងទិសដៅពីលិចទៅកើត ពេលនោះស្រាប់តែមានរថយន្តដឹកត្រីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ3F.8508 បើកបរក្នុងទិសដៅពីត្បូងទៅជើង (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បានបុកម៉ូតូពីក្រោយបណ្ដាលឱ្យអ្នកបើកបរម៉ូតូធ្លាក់ពីលើម៉ូតូត្រូវកង់មុខរថយន្តផ្នែកខាងស្តាំកិនស្លាប់នៅកន្លែងកើតហេតុតែម្តង រួចម្ចាស់រថយន្តក៏បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន ម្ចាស់រថយន្តជាជនបង្ក កម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវតាមរក។ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង រថយន្តនិងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ ៕
ដោយ ៖ សហការី