ភ្នំពេញ ៖ ទីបំផុតលោកវរសេនីយ៍ទោ ហ៊ុត គង់ អធិការរង ខណ្ឌចំការមនទទួលផែនការងារជំនាញកោសល្យវិច័យដែលបានប្រើកណ្តាប់ដៃវាយប្រជាពលរដ្ឋនៅលើផ្លូវសាធារណៈ កាលល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទហិង្សាដោយចេតនាករណី«វ៉ៃទៅវ៉ៃមក» បណ្តាលឲ្យភាគីបើកបររថយន្តសន្លប់ ចំណែករូបលោកអធិការរងបាក់ធ្មេញមុខអស់៣ ។
សូមបញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោងជាង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ពាក់ស្លាកលេខភ្នំពេញ 2BV-5390 ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមនបានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យរហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តឱ្យសន្លប់នៅនឹងកន្លែង ។
បច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ PJ ជាបណ្តោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា