សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣នេះបានផ្សាយថា នៅថ្ងៃសៅរ៍នេះចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដោយនិយាយថា វាគឺជាការព្រមានម៉ឺងម៉ាត់មួយ ចំពោះកម្លាំងចង់បំបែករដ្ឋនៅដែនកោះនេះ បន្ទាប់ពីមេដឹកនាំរងរបស់តៃវ៉ាន់គឺ លោក វីលៀម ឡៃ (William Lai) បានបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។
លោក ឡៃ ដែលកំពុងជាបេក្ខជនមានប្រជាប្រិយភាពនាំមុខគេសម្រាប់តំណែងជាមេដឹកនាំតៃវ៉ាន់ថ្មី នៅក្នុងការបោះឆ្នោតនាដើមឆ្នាំក្រោយ ទើបត្រឡប់មកពីសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ តាមពិតទៅ ជាផ្លូវការ លោក ឡៃ បានឆ្លៀតចូលទស្សនកិច្ចតែមួយភ្លែតប៉ុណ្ណោះ នៅទីក្រុងញូវយ៉កនិងទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូរបស់អាមេរិក ក្នុងឱកាសដែលរូបលោកធ្វើដំណើរទៅនិងមកពីប្រទេសប៉ារ៉ាហ្កាយ។
យោធាចិនភូមិភាគខាងកើតដែលទទួលបន្ទុកលើតំបន់នៅក្បែរកោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ ខ្លួនបានធ្វើប្រតិបត្តិការល្បាតសំដៅពង្រឹងលក្ខណៈប្រយុទ្ធរួមរវាងកងកម្លាំងជើងទឹកនិងជើងអាកាស ហើយក៏បានចាប់ផ្តើមការធ្វើសមយុទ្ធយោធា និងការហ្វឹកហ្វាត់រួមរវាងកងកម្លាំងផ្នែកទាំងពីរផងដែរ។ យោធាចិនបានបន្ថែមយ៉ាងដូច្នេះថា «នេះគឺជាការព្រមានយ៉ាងម៉ឺងម៉ាត់មួយ ប្រឆាំងនឹងកម្លាំងប៉ុនប៉ងបំបែករដ្ឋដើម្បីឯករាជ្យនៅតៃវ៉ាន់ ដែលគប់គិតជាមួយកម្លាំងខាងក្រៅដើម្បីបង្កហេតុ»។
ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកពុំមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ក៏ដោយនោះ គឺជាខ្នងបង្អែកអន្តរជាតិដ៏រឹងមាំបំផុតរបស់តៃវ៉ាន់ ហើយមានកាតព្វកិច្ចតាមផ្លូវច្បាប់ ដើម្បីជួយផ្តល់មធ្យោបាយឱ្យដែនកោះនេះការពារខ្លួនឯង។ ប្រមាណជា៣ឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនការដាក់សម្ពាធយោធាជាខ្លាំងលើតៃវ៉ាន់តាមរយៈការចល័តយន្តហោះនិងនាវាយោធាឱ្យទៅក្បែរដែនកោះនេះ។ កាលពីខែមេសា ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញតៃវ៉ាន់ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានត្រឡប់មកពីរដ្ឋ California ជាទីដែលលោកស្រីបានជួបជាមួយ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី អំឡងពេលឆ្លៀតចូលទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅតាមផ្លូវមកពីបំពេញទស្សនកិច្ចនៅតំបន់អាមេរិកកណ្តាលវិញ៕
ដោយ៖ ធីរីណា(រូបថត៖ tuoitre.vn)