ភ្នំពេញ ៖ អ្នកបើកបរម៉ូតូកង់បី (ផាស អាប់)ដែលបើកបញ្ច្រាសទិស ហើយមានបំណងប្រើអំពើហិង្សា ដោយយកដែកទីបប៉ុនប៉ងវាយទៅលើអ្នកបើកបររថយន្តក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នដែរ ។
អ្នកបើកបរផាសអាប់នោះ ឈ្មោះ កែ ឃឹម ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាលឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅក្នុងស្រុកខ្សាច់កណ្ដាល ប៉ុន្តែដោយហេតុការណ៍នោះបានកើតឡើង នៅរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងប្រគល់ឲ្យទៅអធិការដ្ឋាននគបាលខណ្ឌចំការមន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
សូមជម្រាបថា បន្ទាប់ពីបានឃើញ វីដេអូនៅលើបណ្តាញសង្គម ភ្លាមលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់សមត្ថកិច្ចឲ្យធ្វើការស្រាវជ្រាវ រកអ្នកបើកបរម៉ូតូកង់បីដែលបញ្ច្រាសទិសមានបំណងប្រើដែកទីបវាយទៅលើអ្នកបើកបររថយន្តនោះ ។
បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនបានសហការ ជាមួយនគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលស្រាវជ្រាវរហូតដល់ឃាត់ខ្លួនអ្នកបើកបរកង់បីឥណ្ឌា(ផាស អាប់) ដែលបើកបរបញ្ច្រាសទិសនៅតាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលមានជម្លោះឈ្លោះប្រកែកគ្នា ជាមួយអ្នកបើកបររថយន្ត ដោយអ្នករត់ម៉ូតូកង់ បីឥណ្ឌាមានបំណងយកដែកទីប វាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង៕
ដោយ ៖ រ៉ារ៉ា