ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន ២នាក់ទោះជាយ៉ាងណាក៏មិនរាងចាលដែរដូចមានព្រាយកាន់អីចឹង ដូច្នេះទើបកើតរឿងបែបនេះមិនចេះចប់សោះនៅមូលដ្ឋាន ខណៈពួកគេបានធ្វេីសកម្មភាពដេីរលួចជារៀងរាល់ថ្ងៃ ចុងក្រោយត្រូវសមត្ថកិច្ចជំនាញចុះស្រាវជ្រាវ និងឃាត់ខ្លួនយកមកដាក់ទោសតាមច្បាប់។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនៈមណ្ឌល បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែសីហានេះថា កម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស បានធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិយ៉ាងសកម្មក្នុងមូលដ្ឋានចំនួន០២នាក់ កាលពីយប់មិញនេះ រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវបន្ត ដោយក្នុងនោះដកហូតបាន៖
១-ម៉ូតូម៉ាក យ៉ាម៉ាហា ស៊ីរ៉ុស គុណភាពចាស់ចំនួន០១គ្រឿង
២-រទេះអូសចំនួន ០១
៣-ដែកកងបួនជ្រុងចំនួន ៨៩ គីឡូ
៤-កន្ត្រៃកាត់ដែកចំនួន ០១។
រីឯជនសង័្សយទាំងពីរនាក់នេះ ទី១,ឈ្មោះ យ៉ុម សុធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និងទី២,ឈ្មោះ ឆប ឆេត ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
ចំពោះមូលហេតុដែលឈានទៅដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ១៦ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ១៩និង១០នាទី ស្ថិតនៅចំណុចក្រុមទី០៦ភូមិសេកសក ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានករណីលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ ស៊ឹម សំណាងភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំអូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបងដែលគាត់មានឃ្លាំងទុកសម្ភារៈស្ថិតក្នុងមូលដ្ឋានខាងលើ ហើយសម្ភារៈបាត់បង់នោះរួមមាន៖
-ដែកកងបួនជ្រុង ចំនួន២០០គីឡូ
-ម៉ាស៊ីនបូមទឹក ចំនួន០១គ្រឿង
-ខ្សែភ្លើង ចំនួន២០ម៉ែត្រ
-កង់រុឺម៉ក ចំនួន០១ ។
ដែលករណីបាត់បង់នេះ បានបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកទៅបាត់ ហើយរូបគាត់បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុករតនៈមណ្ឌល ឱ្យជួយស្រាវជ្រាវដើម្បីស្វែងរកជនសង័្សយ និងសម្ភារៈរបស់គាត់មកវិញផង។ ផ្តើមពីបញ្ហានេះ លោកអធិការបានដឹកនាំធ្វើការស្រាវជ្រាវ ជាមួយលោកអធិការរងទទួលជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាសដែលកើតករណីនេះរហូតដល់ថ្ងៃខែឆ្នាំខាងលើសមត្ថ កិច្ច បានដាក់ការសង័្សយទៅលើបុរសចំនួន០២នាក់ ដែលជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពបែបនេះ ហើយធ្លាប់ត្រូវបានសមត្ថកិច្ចបង្រ្កាបនាពេលកន្លងមក និងជាមុខសញ្ញាទើបចេញពីពន្ធនាគារផង។
ដូចគ្រូទាយមិនខុសមែន នៅពេលដាក់ការសង័្សយហើយ និងបាននាំខ្លួនអ្នកទាំងពីរមកធ្វើការសាកសួរ ហេីយលទ្ធផលបាន បង្ហាញយ៉ាងស្តែងៗថា ក្រោយចេញពីពន្ធនាគារមកវិញ ដូចព្រាយកាន់អីចឹង មិនកែប្រែអ្វីទេ គឺលួចខ្លាំងជាងមុនទៅទៀត គេបានសារភាពថា ក្នុងអំឡុងពេលក្រោយចូលឆ្នាំខ្មែរ ខែមេសា មកដល់ ខែ សីហា មិនទាន់ដាច់ខែផងបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកភូមិចំនួន ០៥លើក ឯណោះ ដែលការលួចនេះគឺ មិនមានសមត្ថកិច្ចស្វែងរកគេឃើញនោះទេ ទើបតែពេលនេះ ក្នុងពេលដែលគេលួចទ្រព្យសម្បត្តិនៅក្នុងឃ្លាំងមួយកន្លែង ដោយ មានកន្រ្តៃកាត់ដែកធុនធំជាជំនួយផង កាលពីថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ រកឃើញនិងបង្រ្កាបបាន ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុករៀបចំកសាងសំណុំរឿងបញ្ជូនគេទាំងពីរនាក់មកកាន់ផែនជំនាញ ដើម្បី អនុវត្តបន្តតាមនីតិវិធីច្បាប់ ឱ្យពួកគេទៅជួបមណ្ឌលកែប្រែ សារជាថ្មីម្តងទៀត ក្រែងបានថមថយឥទ្ធិពលនៃព្រាយកំណាចកាន់ មិនព្រមរាងចាលនោះឱ្យអស់ពីរាងកាយ ៕
ដោយ៖ សហការី