ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅវិមានសន្តិភាព លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព មានបេសកកម្មជាប្រវត្តិសាស្រ្តចម្បងចំនួនពីរ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បេសកកម្មជាប្រវត្តិសាស្រ្តចម្បងទាំងពីរនោះរួមមាន៖
ទី១- រក្សានិងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាកជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បេសកកម្ម :
ទី២គឺ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យទាំង៥ ពោលគឺៈ ភាពធន់នៃវិស័យសាធារណៈ ភាពធន់នៃវិស័យសេដ្ឋកិច្ច ភាពធន់នៃវិស័យហិរញ្ញវត្ថុ ភាពធន់នៃវិស័យមូលធនមនុស្ស និងសង្គម និងភាពធននៃវិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោកបណ្ឌិត ថ្លែងថា : មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ក៏បានប្រែប្រួលពីប្រទេសដែលពឹងផ្អែកស្ទើរទាំងស្រុងទៅលើ វិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និងរឹងមាំ ដែល អាចចាប់យកឧស្សាហកម្មថ្មីៗ និងមានតម្លៃបន្ថែមខ្ពស់ កម្ពុជាដែលពីមុនមានវិបត្តិខ្វះ សាច់ប្រាក់រ៉ាំរ៉ៃ និងត្រូវពឹងផ្អែកស្ទើរទាំងស្រុងទៅលើជំនួយបរទេស ទើបអាចរស់រានបាន,ឥឡូវបានក្លាយជាប្រទេសមានស្វ័យភាព និងភាពម្ចាស់ការពេញលេញផ្នែកហិរញ្ញវត្ថុ នៅក្នុង ការកំណត់ជោគវាសនា និងអនាគតរបស់ខ្លួន។ ដួងព្រលឹងនៃមរត៌កសិល្បៈវប្បធម៌ខ្មែរ, ទាំងរូបី និងអរូបី, ដែលធ្លាប់ត្រូវបានលួច, បាត់បង់ ឬខូចខាតដោយសារសង្គ្រាម, ឥឡូវត្រូវបានស្ដារ ឱ្យរស់ និង លើកស្ទួយឡើងវិញ ជាបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក ក៏ដូចជាត្រូវ បានទទួលស្គាល់ និងជូនត្រឡប់មកកាន់មាតុភូមិកំណើតវិញ។ បន្ថែមលើនេះ, ស្នាដៃធំៗ និង ថ្មីៗ របស់រាជរដ្ឋាភិបាលរួមមានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ជោគជ័យ នៃការទទួលធ្វើជាប្រធានអាស៊ានជាលើកទី ៣ ក្នុងប្រវត្តិសាស្ត្រ ដោយបានដឹកនាំកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយផ្ទាល់ក្រោយពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំង ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាទឡ្ហៈករណ៍មិនអាចប្រកែកបានមួយចំនួនទៀត នៃការរីក- ចម្រើនប្រកបដោយមោទនភាពរបស់កម្ពុជា ៕
ដោយ ៖ សិលា